ខេត្តព្រះវិហារ ៖ ក្តីស្រឡាញ់បានបង្ខំមនុស្សឲ្យហ៊ានធ្វើអ្វីៗ គ្រប់បែបយ៉ាងតាមចំណង់តណ្ហារបស់ខ្លួន ។ ជាក់ស្តែងបុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹងពីឪពុករជនរងគ្រោះថា ជននេះបានប្រើប្រាស់កាំភ្លើងប្រភេទK59 បាញ់គំរាមកូនស្រីរបស់គាត់២គ្រាប់ នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នៅវេលាម៉ោង៧ និង២៥នាទី ត្រង់ចំណុចខាងមុខធនាគារអេលីស៊ីដា ក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារបង្ខំឲ្យឡើងជិះម៉ូតូរួចពង្រត់ទៅកាន់ខេត្តសៀមរាបនោះ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ីង លីដា ហៅ លីយូ អាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួននៅចំណុចផ្សារដំដែក ក្នុងស្រុកសូត្រនិគមកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ។ ជនសង្ស័យភ្លាមៗ ត្រូវបានគេបញ្ជូនមកកាន់ខេត្តព្រះវិហារ ហើយក្រោយការសាកសួរ សមត្ថកិច្ចក៏បញ្ជូនបន្តទៅកាន់តុលាការ ដោយតុលាការបានធ្វើការចោទប្រកាន់ពីបទ បាញ់បោះសេរី និងចាប់ពង្រត់ ។
គួរបញ្ជាក់ថា ដំបូងឡើយនារីរងគ្រោះឈ្មោះ ចៅ ចាន់រ៉ានី រៀននៅសាលាជាស៊ីម ត្បែងមានជ័យ បានជិះម៉ូតូមានគ្នាបីនាក់ លុះជិះមកដល់កន្លែងកើតហេតុ ជនល្មើសឈ្មោះ ហ៊ីង លីដា ហៅ លីយូ ជាកូនប្រុសរបស់នាយសេនាធិការប្រចាំការនៅកងពលលេខ៣ រស់នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានដកកាំភ្លើងប្រភេទK59 បាញ់ចំនួនពីរគ្រាប់ ដើម្បីឲ្យនារីរងគ្រោះ ឡើងជិះម៉ូតូទៅជាមួយខ្លួនដោយសុវត្តិភាព នៅវេលាម៉ោង១០និង៣០ នាទីយប់ ។ លុះដល់ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង១០ ព្រឹក នគរបាលស្នងការដ្ឋានខេត្តព្រះវិហារ បានសហការ ជាមួយកម្លាំង នគរបាលស្រុកសូត្រនិគម ខេត្តសៀមរាប យោងទៅតាមពាក្យបណ្តឹង របស់ឪពុកនារីរងគ្រោះ ឈ្មោះ ចៅ ចាន់រិទ្ធ ទើបឈានទៅដល់ការចាប់ខ្លួនជនល្មើស នៅផ្សារដំដែក ស្រុកសូត្រនិគម។ ហើយបានធ្វើ លិខិតស្នើរ សុំព្រះរាជអាជ្ញាខេត្តព្រះវិហារ ធ្វើការនាំខ្លួនជនល្មើសមកកាន់ខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។
នេះជាលើកទី២ហើយដែលឈ្មោះ ហ៊ីង លីដា បានព្យាយាមចាប់ពង្រត់ នារីដែលខ្លួនស្រឡាញ់ ខណៈកាលពីលើកទីមួយត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយបានឲ្យចុះកិច្ចសន្យា កាលពីថ្ងៃទី១៥ សីហា ឆ្នាំ ២០១៣ ដើម្បីបញ្ឈប់សកម្មភាពបែបនេះនោះ៕