រាជធានីភ្នំពេញ ៖ ដោយសារវិបត្តិស្នេហ៍បានជំរុញឲ្យក្មេងស្រីម្នាក់ ប៉ុនប៉ងសម្លាប់ខ្លួនឯងដោយអារដៃ និងលោតពីលើផ្ទះជាន់ទី៣ ខណៈដែលឈ្លោះជាមួយសង្សារ ។ ហេតុប៉ងធ្វើអត្តឃាតបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៤ ស្ថិតនៅលើផ្ទះជាន់ទី៣លេខ៨៣អឺ៣ តាមផ្លូវលេខ១៦១ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យុវតីប៉ងធ្វើអត្តឃាតមានឈ្មោះ ជុង ចាន់យូ អាយុ១៦ឆ្នាំ ជាសិស្សស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងរបួសសន្លប់ស្តូកស្តឹងត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងបានអារដៃឆ្វេងរបស់នាង និងលោតពីលើផ្ទះជាន់ទី៣នោះ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះមានទឹកមុខស្រពាប់ស្រពន់ និងបាននិយាយថា នាងបានឈ្លោះគ្នាជាមួយសង្សារនាង ។ ពេលនោះម្តាយចិញ្ចឹមឈ្មោះ សា មួយ អាយុ៦០ឆ្នាំ មិនបានចាប់អារម្មណ៍ និងឃ្លាំមើលកូនស្រីទេ ស្រាប់តែមកដល់ម៉ោងកើតហេតុខាងលើនាងក៏បានលោតពីផ្ទះជាន់ទី៣ បណ្តាលឲ្យសន្លប់ស្តូកស្តឹងរងរបួសធ្ងន់ ។ ភ្លាមៗនោះគាត់បានដឹកកូនស្រីយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ផងដែរ។ ក្រុមគ្រួសារយុវតីរងគ្រោះបានឲ្យដឹងថា ការលោតពីលើផ្ទះប៉ងសម្លាប់ខ្លួនរបស់កូនស្រីរូបនេះទំនងជានាង ឈ្លោះគ្នាជាមួយសង្សារ ទើបធ្វើឲ្យនាងគិតខ្លីលោតពីលើផ្ទះបែបនេះ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះពីធ្វើកោសល្យវិច័យកំណត់ហេតុ និងបានបញ្ជូននារីរងគ្រោះទៅមន្ទីរពេទ្យដើម្បីធ្វើការជួយសង្គ្រោះ៕