គូស្នេហ៍ដែលបានស្រឡាញ់គ្នាអស់កាលយូរថ្ងៃខែ ឬស្វាមីភរិយាដែលបានរួមរស់នៅជាមួយគ្នាច្រើនឆ្នាំ ប្រសិនបើពេលនេះមានអារម្មណ៍ថា កើតការនឿយណាយ ឬរកាំចិត្តចំពោះគ្នាញឹកញាប់ហើយភាពផ្អែមល្ហែមដែលធ្លាប់តែមានកាលពីមុនមកបានរលាយបាត់អស់ទៅជាបន្តបន្ទាប់ ។ សញ្ញាបែបនេះមិនល្អទេ គប្បីប្រញាប់ស្រោចស្រង់ បើពុំនោះភាពសៅហ្មងកាន់តែកើតមានច្រើនឡើងជាងនេះបន្ថែមទៀតជាក់ជាពុំខាន ។ នេះជាវិធី៧ប្រការអាចជួយស្រោចស្រង់ជីវិតស្នេហារបស់អ្នកឱ្យមានភាពផ្អែមល្ហែម និងស្អិតល្មួតឡើងមួយកម្រិតវិញ ។
១-និយាយស្តីទាក់ទងរកគ្នា
អ្នកខ្លះដោយសារការខឹង ឬមិនពេញចិត្តរឿងអ្វីមួយតែងទុកភាគីម្ខាងទៀតចោល ឬនិយាយពាក្យមិនសមរម្យញឹកញាប់ ។ ការធ្វើដូច្នេះមិនល្អទេ ពីព្រោះ កាន់តែរុញបញ្ហាឱ្យធ្លាក់ក្នុងស្ថានភាពអាក្រក់ថែមទៀត ។ ទាំងបុរសស្ត្រីត្រូវចងចាំថា ការនិយាយទាក់ទងគ្នាវាជារឿងមួយចាំបាច់មិនអាចខ្វះបានទេ ។ បញ្ហាខ្លះដែលជួបភាពតានតឹង ប៉ុន្តែបើអ្នកចេះលើកមកនិយាយជាមួយគ្នាដោយញក្យផ្អែមល្ហែម និងមានហេតុផលនោះ ពេលខ្លះរឿងអាក្រក់សោះនឹងប្រែត្រឡប់មកបរិយាកាសប្រសើរឡើងវិញ ។ រឿងរ៉ាវជម្លោះវិវាទបានរលាយបាត់ទៅហើយស្នាមញញឹមញញែមស្រស់ស្រាយនឹងកើតឡើងព្រមជាមួយដែរ ។
២-បង្កើតពាក្យគន្លឹះប្រើក្នុងសេចក្តីស្នេហា
គូស្នេហ៍ ឬស្វាមីភរិយាគប្បីចេះបង្កើតពាក្យជាគន្លឹះណាមួយសម្រាប់ទុកប្រើក្នុងសេចក្តីស្នេហា ឬការចង់នែបនិត្យគ្នា ។ ពាក្យសេចក្តីស្នេហាអាចជាការហៅឈ្មោះពាក្យសម្រាប់ការចង់រួមរ័ក ឬសូម្បីតែសាសងផ្អែមល្ហែមពេលនៅតែពីរនាក់ជាដើម ។ ការប្រើពាក្យពិសេសនេះនឹងជួយឱ្យអ្នក និងដៃគូកាន់តែមានភាពជិតដិតខ្លាំងឡើង និងធ្វើឱ្យអ្នកមានអារម្មណ៍ថាត្រូវការគ្នាកាន់តែច្រើនឡើងទៀតផង ។
៣-ខ្សឹបដោយសម្តីផ្អែមល្ហែម
ការនិយាយស្តីដោយសម្តីវាចាផ្អែមល្ហែមតែងជួយឱ្យយើងសប្បាយចិត្ត ។ បើតាមគ្រូពេទ្យឯកទេសបានឱ្យដឹងថា ការនិយាយបែបនេះនឹងជួយឱ្យប្រព័ន្ធការពារមេរោគមានភាពរឹងមាំបំបាត់ភាពតានតឹងដែលជាជំងឺចាំតែយាយីសុខភាព ។ ទោះបីយ៉ាងណាក៏ដោយអ្នកត្រូវតែចងចាំថា ការដែលយើងប្រើពាក្យសម្តីផ្អែមល្ហែមដល់ភាគីម្ខាងទៀតមុន ឬជាអ្នកចាប់ផ្តើមមុននោះគឺជារឿងចាំបាច់បំផុត ។ ក្រៅពីនេះត្រូវធ្វើបន្តិចម្តងៗដោយមិនឱ្យដឹងខ្លួននោះការឆ្លើយតបរបស់គេនឹងដូចយើងវិញជាក់ជាពុំខាន ។
៤-ចាប់ដៃគ្នាទៅវិញទៅមក
ការដើរដឹកដៃគ្នាជារឿងមួយសំខាន់ណាស់ ដែលយើងមិនគប្បីមើលរំលងឡើយ ពីព្រោះថានៅពេលដៃរបស់យើងតោងជាប់ជាមួយគ្នាវានឹងបញ្ជូនអារម្មណ៍កក់ក្តៅដល់ដៃគូភាគីម្ខាងទៀតឱ្យបានដឹងថា មានសុវត្ថិភាព និងជឿជាក់ ។ អារម្មណ៍បែបនេះប្រៀបដូចជាមានមនុស្សចាំការពារ និងយកចិត្តទុកដាក់រាល់បញ្ហាកើតឡើងជានិច្ច ។
៥-ប៉ះអង្អែល
ការប៉ះពាល់ជារឿងអ្នកអាចធ្វើបានយ៉ាងងាយណាស់ ហើយអាចធ្វើបានគ្រប់ពេលវេលាផង ។ យើងអាចបង្ហាញមនោសញ្ចេតនានេះគ្រប់ពេល ប៉ុន្តែ យ៉ាងណាឱ្យស័ក្តិសមតាមពេលវេលា និងទីកន្លែងផងដែរ ។ ការស្ទាបអង្អែលមានតាំងតែពីការចាប់កាន់ដៃឱបក្រសោប ស្ទាបអង្អែលសរសៃសក់ ឬសូម្បីតែការស្ទាបអង្អែលបបោសអង្អែលដោយសេចក្តីស្នេហាក្នុងបន្ទប់ជាដើម ។
៦-ថើបជញ្ជក់មាត់
នៅពេលជួបមុខគ្នា ឬលាទៅណាឆ្ងាយកុំភ្លេចចាប់ផ្តើមដោយការថើបមាត់គ្នាដោយថ្នមៗ ឬអាចអនុវត្តបានមុនពេលចូលដំណេកគ្រប់ពេលវេលា ។ ការថើបនៅពេលចូលដំណេកនឹងធ្វើឱ្យភាគីម្ខាងទៀត មានអារម្មណ៍កក់ក្តៅ ហើយភាពស្អិតល្មួតផ្អែមល្ហែមនេះ វានឹងកើតឡើងដោយយើងមិនចាំបាច់ប្រើការនិយាយស្តីឡើយ ។
៧-មានសិចញឹកញាប់
រឿងសិចជារឿងសំខាន់ក្នុងជីវិតប្តីប្រពន្ធ ។ ការមានសិចជាប់ជាប្រចាំនឹងជួយពន្យារឱ្យជីវិតប្តីប្រពន្ធមានភាពយឺនយូរកាន់តែច្រើនឡើង ។ ចូរមានសិច ជាមួយគ្នានោះនឹងជួយឱ្យសុខភាពអ្នកប្រសើរឡើង ។ តាមការស្រាវជ្រាវបានឱ្យដឹងថា ការមានសិចនឹងផ្តល់ផលប្រយោជន៍ច្រើនដូចជាការមានសិចក៏ប្រៀប ដូចជាការហាត់ប្រាណការមានសិច៣០នាទី អាចជួយកាត់បន្ថយកាឡូរីដល់ទៅ៨៥កាឡូរីហើយបើមានសិចជាមួយគ្នាក្នុងមួយសប្តាហ៍៣ដង នឹងជួយដុតបំផ្លាញកាឡូរីនៅក្នុងរាងកាយបានដល់ទៅ៨.០០០កាឡូរីក្នុងមួយឆ្នាំ ៕