ខេត្តបាត់ដំបង ៖ ជនសង្ស័យ៤នាក់ និងគ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណ១គីឡូ (៩៩៩ក្រាម) ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប និងឃាត់ខ្លួន ខណៈដែលក្រុមនេះកំពុងធ្វើសកម្មភាព ។ ហេតុការណ៍បង្ក្រាបធ្វើឡើងកាលពីវេលាម៉ោង១៩និង៣០យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅចំណុចសួននាគបាញ់ទឹក ឋិតក្នុភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន៤នាក់ ទី១-ឈ្មោះ ធី សុភ័ក្ត្រ អាយុ២៩ឆ្នាំ ជាយោធាកងពលលេខ៦រស់នៅផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទី២-ឈ្មោះ ថុង គឹមលាង អាយុ ២១ឆ្នាំ ជាអ្នកកាន់ថ្នាំញៀនស្នាក់បណ្តោះអាសន្ន ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី៣-ឈ្មោះ សុខ ហេង អាយុ៥០ឆ្នាំជាអ្នកទិញរស់នៅភូមិ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងទី៤-ឈ្មោះ សារី ថាន់ អាយុ ៣៤ឆ្នាំជាអ្នកទិញរស់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយធ្វើការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក ១ថង់ធំស្មើទំងន់៩៩៩ក្រាម រថយន្តម៉ាកប៉ាជីរ៉ូ១គ្រឿង កាំភ្លើងខ្លីម៉ាកឡុក១ដើម គ្រាប់ចំនួន១២គ្រាប់ ប័ណ្ណយោធា និងលិខិតបេសកកម្ម១សន្លឹកនិងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕