ខេត្តកណ្តាល ៖ យ៉ាងហោចណាស់បុរសម្នាក់ស្លាប់បាត់បង់ជីវិត និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៩និង៤៥នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ឃិន សុធា ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជាអ្នកបើកបរម៉ូតូធុនសេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ។ ចំណែកឯជនរងគ្រោះដែលរងរបួសធ្ងន់នោះមានឈ្មោះ វុធ ទី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ជាអ្នកបើកបរម៉ូតូម៉ាកហុងដាគុបមូល ធុនសេ៩០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបតាមបណ្តោយផ្លូវជាតិលេខ២១B ក្នុងទិសដៅពីត្បូងទៅជើង ដោយពុំមានពាក់មួយការពារសុវត្ថិភាព និងបំពាក់កញ្ចក់មើលក្រោយនោះទេ ខណៈបើកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកជាមួយម៉ូតូធុនសេ១០០កូរ៉េដែលបើកបរដោយបុរសម្នាក់ពុំមានពាក់មួកការពារសុវត្ថិភាព និងបំពាក់កញ្ចក់មើលក្រោយដូចគ្នា បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលបោកទៅលើផ្លូវជាតិ ធ្វើឲ្យអ្នកបើកបរម៉ូតូសេ១០០កូរ៉េស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នកបើកបរម៉ូតូគុបរងរបួសធ្ងន់ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ និងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់។ ចំពោះជនរងគ្រោះត្រូវរថយន្តសាមុយមន្ទីរពេទ្យបង្អែកស្រុកស្អាងដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕