ខេត្តក្រចេះ ៖ ដោយអំណាចនៃគ្រឿងស្រវឹងបានធ្វើឲ្យមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកព្រែកប្រសព្វម្នាក់ បើករថយន្តដេញបុករះ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ ស្រាល ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង៣០ នាទីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅសង្កាត់ក្រចេះ និងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនបង្កជាមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកព្រែកប្រសព្វ ឈ្មោះ ហាវ ដាវុធ ហៅប្រុស បានជិះរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស៤៧០ ក្នុងស្ថានភាពស្រវឹង បានជ្រុលទៅបុកម៉ូតូរបស់ស្ត្រីម្នាក់ឈ្មោះ កន បូរ័ត្ន ភេទស្រី អាយុ ៣៣ឆ្នាំ បណ្តាលឲ្យដួលរងរបួសធ្ងន់ នៅចំណុចកែងវត្តប៉ាឆា ស្ថិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ។ ពេលឃើញហេតុការណ៍បែបនេះជនបង្កបានព្យាយាមបើករត់គេច តាមផ្លូវជាតិលេខ៧៣ ឆ្ពោះទៅស្រុកឆ្លូង ហើយបុកម៉ូតូជនរងគ្រោះឈ្មោះ ស៊ីន ចាន់ទី ត្រូវជាឪពុករងរបួសធ្ងន់ និងកូនឈ្មោះ ស៊ីន វុទ្ឋី បណ្តាលឲ្យរងរបួសស្រាល នៅភូមិរកាកណ្តាល សង្កាត់រកាកណ្តាល ។ ដោយភាពមិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន មេបញ្ជាការព្យាយាមបន្តរបើករត់គេចខ្លួន ទៅសម្ងំនៅលើទូកដរចម្លងពាមទេរ។
ក្រោយកើតហេតុជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនទៅស្នងការដ្ឋាននគបាលខេត្ត ដើម្បីកសាងសំណុំរឿង និងរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ក្រោមក្រសែភ្នែកមហាជនថា តើអ្នកលើមានវិធានការយ៉ាងណា?៕