រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានដាច់ក្បាលដេកស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈ ដែលជែងជាមួយនឹងរថយន្ត ហើយជ្រុលទៅបុករនាំងដែកចែកទ្រូងផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលដាច់ក្បាលចេញពីខ្លួននោះមានឈ្មោះ យ៉េន រ៉ាមបូ អាយុ២៣ឆ្នាំ ជាសន្តិសុខ មានស្រុកកំណើតភូមិសង្កែបង្វែ ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត និងរួមដំណើរម្នាក់ទៀតឈ្មោះ ហៀន ចាន់រស្មី អាយុ១៩ឆ្នាំ មុខរបរសន្តិសុខដូចគ្នា ស្នាក់នៅមជ្ឈមណ្ឌលទួលគោក មានស្រុកកំណើតជាមួយជនរងគ្រោះខាងលើ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកស្លាកលេខកំពត 1D-0175 ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានផឹកស៊ីជាមួយគ្នានៅហាងយីហោសម្រាកជួបមិត្ត ក្នុងសង្កាត់ភ្នំពេញថ្មី ។ ពេលផឹកស្រាអស់ជាច្រើនថូរួចមក ក៏បានចេញពីហាងជិះម៉ូតូតាមផ្លូវសហព័ន្ធរុស្ស៊ីយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងបើកស្របទិសគ្នាហើយបានជែងម៉ូតូជនរងគ្រោះ និងកៀរធ្វើឲ្យជនរងគ្រោះគេចពីរថយន្តមិនផុតក៏ទៅប៉ះនឹងរនាំងចែកទ្រូងផ្លូវបណ្តាលឲ្យអ្នកបើកបរដួលចំរនាំងដែកចែកទ្រូងផ្លូវដាច់ក្បាលចេញពីខ្លួនចម្ងាយជាង២០ម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ ។ ដោយឡែករថយន្តដែលបើកជែង និងជ្រែម៉ូតូជនរងគ្រោះបានបើកគេចបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ និងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ រីឯសាកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕