ទឹកនោមផ្អែមកើតមានមិនរើសមុខឡើយ ។ នរណាក៏ដោយ កន្លែងណាក៏ដោយ អាយុប៉ុន្មានក៏ដោយ ក៏អាចកើតជំងឺទឹកនោមផ្អែមដែរ ។ មនុស្សពេញវ័យជាច្រើនកើតជំងឺទឹកនោមផ្អែមជាច្រើនឆ្នាំហើយទើបដឹងថា ខ្លួនមានរោគសញ្ញាជំងឺនេះ ។ មនុស្សច្រើនណាស់មានផលវិបាកបណ្តាលមកពីជំងឺនេះដូចជា ការខូចភ្នែក ការខូចតម្រងនោម ជំងឺបេះដូង និងការខូចសរសៃប្រសាទ ។ នៅកន្លែងជាច្រើននៅក្នុងពិភពលោកមនុស្សមានជំងឺទឹកនោមផ្អែមជាច្រើនមិនបានធ្វើរោគវិនិច្ឆ័យទាល់តែសោះ ។ ការរកឃើញជំងឺទឹកនោមផ្អែមនៅដំណាក់កាលដំបូងមានន័យថា វាអាចព្យាបាលបាន និងអាចកាត់បន្ថយហានិភ័យនៃការមានផលវិបាកធ្ងន់ធ្ងរយ៉ាងច្រើន ។ ទឹកនោមផ្អែម ជាជំងឺមួយដែលកើតឡើងដោយសារបញ្ហាដែលទាក់ទងទៅនឹងការផលិត និង ផ្គត់ផ្គង់អាំងស៊ុយលីននៅក្នុងខ្លួនមនុស្ស ។
អាហារភាគច្រើនបំផុតដែលយើងបរិភោគបានក្លាយទៅជាគ្លុយកូស ដែលជាជាតិស្ករមួយប្រភេទ ។ យើងប្រើគ្លុយកូសជាប្រភពថាមពល ដើម្បីផ្តល់ថាមពលដល់សាច់ដុំ និងកោសិការបស់យើង ។ ខ្លួនរបស់យើងដឹកជញ្ជូនគ្លុយកូសទៅក្នុងចរន្តឈាម ។ ដើម្បីឱ្យសាច់ដុំរបស់យើង និងជាលិកាដទៃទៀតស្រូបគ្លុយកូសពីចរន្តឈាម យើងត្រូវការអ័រម៉ូនម្យ៉ាងហៅថា អាំងស៊ុយលីន ។ បើគ្មានអាំងស៊ុយលីនទេ ខ្លួនរបស់យើងមិនអាចទទួលបានថាមពលដែលចាំបាច់ពីអាហាររបស់យើងឡើយ ។ អាំងស៊ុយលីនត្រូវបានផលិតដោយក្រពេញធំមួយនៅពីក្រោយក្រពះ គឺលំពែង ។ វាត្រូវបញ្ចោញដោយកោសិកាឈ្មោះ ប៊ែតា ។ នៅពេលមនុស្សម្នាក់មានជំងឺទឹកនោមផ្អែមលំពែងមិនអាចផលិតជាតិអាំងស៊ុយលីនបានទេ ឬក៏ខ្លួនយើងមិនអាចប្រើអាំងស៊ុយលីនឱ្យមានប្រសិទ្ធភាព ។
ដូច្នេះអ្នកកើតទឹកនោមផ្អែមមិនអាចប្រើគ្លុយកូសពីអាហារដែលពួកគេបរិភោគឱ្យបានគ្រប់គ្រាន់ឡើយ ។ ប្រការនេះធ្វើឱ្យជាតិគ្លុយកូសនៅក្នុងឈាមមានការកើនឡើង ។ កម្រិតគ្លុយកូសនៅក្នុងឈាមខ្ពស់ ឬកម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់ហៅថា ជាតិស្ករនៅក្នុងឈាមខ្ពស់ ។ កម្រិតគ្លុយកូសនៅក្នុងឈាមខ្ពស់អាចនាំឱ្យមានផលវិបាក ធ្ងន់ធ្ងរ ។ នៅពេលបច្ចុប្បន្ននេះគ្មានឱសថណាអាចព្យាបាលជំងឺទឹកនោមផ្អែមឱ្យជាដាច់នោះឡើយ ៕