ប្រទេសអូស្ត្រាលី ៖ ឧទ្យានជាតិភ្លីនដឺស៍ឆេស(Flinders Chase National Park) គឺជាតំបន់រមណីយដ្ឋានធម្មជាតិដែលជាទីមនោរម្យមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តលេងនៅចុងសប្តាហ៍ ឬពេលសម្រាកពីការងារ ។ ឧទ្យាននេះស្ថិតនៅលើផ្ទៃដី៣២៨គីឡូម៉ែត្រជាប់នឹងមាត់សមុទ្រតែម្តង គឺស្ថិតនៅលើកោះកង់គូរូភាគខាងត្បូងនៃប្រទេសអូស្ត្រាលី ហើយត្រូវបានបង្កើតឡើងនៅក្នុងអំឡុងឆ្នាំ១៩១៩ ដោយក្រុមអភិរក្សបរិស្ថាន និងសត្វព្រៃរបស់ប្រទេសអូស្ត្រាលី ។ នៅក្នុងឆ្នាំ២០០៧ ឧទ្យានមួយនេះស្ទើរបំផ្លិចបំផ្លាញទាំងស្រុងដោយភ្លើងឆេះព្រៃ ហើយក្រុមអ្នកពន្លត់អគ្គីភ័យបានប្រើពេល១០ថ្ងៃទើបអាចពន្លត់វាបាន ។
ឧទ្យានជាតិភ្លីនដឺស៍ឆេស(Flinders Chase National Park) មានឈ្មោះល្បីល្បាញបំផុត គឺផ្ទាំងថ្មប្រែពណ៌ដែលផ្ទាំងថ្មនីមួយៗខ្លះមានកម្ពស់រហូតដល់ទៅជាង៦០ម៉ែត្រឯណោះ ។ ផ្ទាំងថ្មប្រែពណ៌បានឈរយ៉ាងសង្ហាអែបជាប់នឹងច្រាំងសមុទ្រតែម្តង ហើយវាជាផ្ទាំងថ្មបុរាណកើតចេញពីកំអែភ្នំភ្លើងកាលពី៥០០លានឆ្នាំមុន ។ ដោយសារតែភាពសំណឹកប៉ះជាមួយនឹងរលកទឹកសមុទ្រទើបធ្វើឱ្យផ្ទាំងថ្មទាំងនេះមានរូបរាងប្លែកៗពីគ្នាបែបនេះ ។
ឧទ្យានជាតិភ្លីនដឺស៍ឆេស ក៏ជាទីជម្រកដ៏សុខសាន្តមួយផងដែរ សម្រាប់ជីវិតសត្វព្រៃគ្រប់ប្រភេទ និងជីវៈចម្រុះគ្រប់បែបយ៉ាងដែលរស់នៅក្នុងតំបន់នេះ ហើយវាក៏ជាគោលដៅសំខាន់មួយផងដែរ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលចិត្តការកម្សាន្តបែបធម្មជាតិ និងទស្សនាសត្វព្រៃ ពីព្រោះថានៅក្នុងឧទ្យាននេះមានពពួកសត្វកម្រៗជាច្រើនដូចជា សត្វខ្លាឃ្មុំកូឡា និងសត្វកង់គូរូជាដើម ។
គ្រាន់តែធ្វើដំណើរទៅដល់ឧទ្យាននេះភ្លាម លោកអ្នកនឹងមានអារម្មណ៍ថា ប្លែកជាក់ជាពុំខានឡើយ ពិសេសពេលមើលឃើញព្រៃព្រឹក្សាដ៏ខៀវស្រងាត់ដុះអមយ៉ាងក្រាស់ឃ្មឹកតាមសង្ខាងផ្លូវ ។ ប៉ុន្តែពេលបើកបរលោកអ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះសត្វព្រៃនៅ ទីនេះមិនសូវខ្លាចមនុស្សឡើយ ហើយពួកវាចូលចិត្តបង្ហាញខ្លួនជាញឹកញាប់ទៀតផង ។
ភ្ញៀវទេសចរដែលបានមកកម្សាន្តលេងនៅក្នុងឧទ្យានជាតិ ភ្លីនដឺស៍ឆេស ពួកគេមិនដែលមើលរំលងឡើយការមកទស្សនាទេសភាពនៅតាមមាត់សមុទ្រ ពិសេសគឺនៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាតដែលជាកន្លែងសត្វឆ្មាទឹកបង្ហាញខ្លួន ។ ការថតរូបអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារ និងគូស្នេហ៍ជាប់នឹងផ្ទាំងថ្មប្រែពណ៌ គឺជាទម្លាប់ដ៏ពេញនិយមមួយផងដែរ នៅក្នុងចំណោមភ្ញៀវដែលមកកម្សាន្តនៅទីនេះ ។ ពួកគេតែងតែចូលទៅក្នុងរូងផ្ទាំងថ្មដើម្បីស្តាប់សំឡេងដ៏គ្រលួចនៅក្នុងផ្ទាំងថ្មនោះ គឺពេលដែលខ្យល់បក់មកប៉ះនឹងផ្ទាំងថ្មនោះ ។ នៅក្នុងឧទ្យានជាតិភ្លីនដឺស៍ឆេសក៏មានកន្លែងអាំងសាច់ឬកន្លែងបោះជំរំផងដែរ ពិសេសគឺនៅជាប់នឹងទន្លេថ្មដែលទន្លេនេះមានទឹកក្តៅឧណ្ហៗ អាចឱ្យភ្លៀវទេសចរចូលងូតកម្សាន្តសប្បាយដោយគ្មានភ័យព្រួយអ្វីសោះឡើយ ។ ចំពោះសេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋានវិញ គឺនៅមិនឆ្ងាយពីឧទ្យានជាតិមួយនេះប៉ុន្មានឡើយ ហើយជារៀងរាល់ឆ្នាំមានភ្លៀវទេសចរមិនក្រោមលាននាក់ទេដែលបានមកកម្សាន្តលេងនៅទីនេះ ៕