លោ​ក ​ឃិ​ន​ ម៉េង​​ស្រេង បើកដៃ​​ឲ្យ​លោ​ក​ ​សាំ​ង​ កុស​ល​ ជា​​ស្តេ​ច​ត្រា​ញ់​​រក​ស៊ី​ឈើ​​ខុស​ច្បាប់​​ប្រចាំ​​ស្រុ​ក​​កោះ​​ញែក ដោយ​ផ្គើន​នឹង​ការកែទម្រង់​ស៊ីជម្រៅ​

, , Leave a comment

​ខេត្តមណ្ឌលគិរី ៖ មកដល់ពេលនេះ​លោក ឃិន ម៉េង​ស្រេង ជា​មេ​យោធា​ខេត្តមណ្ឌលគិរី ដែលមាន​អតីតកាល​ដិតដាម ដោយ​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​ទុក​ឱកាស​ឲ្យ​លោកសាំង កុសល ជា​មេបញ្ជាការ​កងអនុសេនាធំ​ទី​៣ ប្រចាំ​ស្រុក​កោះ​ញែក​ចំណុះ​ឲ្យ​តំបន់សឹករង ខេត្តមណ្ឌលគិរី ក្លាយខ្លួនជា​ស្តេចត្រាញ់​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ​បំផុត​មិន​ខ្វល់​ពី​ការកែទម្រង់​របស់​ថ្នាក់លើ ឬ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​នោះទេ​។​

 

​លោក សាំង កុសល ជា​មេបញ្ជាការ​កងអនុសេនាធំ​ទី​៣ ប្រចាំ​ស្រុក​កោះ​ញែក​បាន​ប្រឡូក​ក្នុង​ជំនួញ​ឈើ​ខុសច្បាប់​ឡើង​ដុះ​ស្លែ​ទៅហើយ រហូត​សល់​លុយ​រត់​ការឡើង​តំណែង​ជា មេបញ្ជាការ​កងអនុសេនាធំ​ទី​៣ ដោយមាន​ការជួយជ្រោមជ្រែង​ពី​លោក ឃិន ម៉េង​ស្រេង ផងដែរ​ហើយ​គេ​មិន​ច្បាស់​ទេ​ថា រវាង​លោក ឃិន ម៉េង​ស្រេង និង​លោក សាំង កុសល មាន​ទំនាក់ទំនង​អាថ៌កំបាំង​អ្វី​ឬ​មាន​ភាគហ៊ុន​រកស៊ី​ឈើ​ជាមួយគ្នា ឬក៏​យ៉ាងណា​នោះទេ ព្រោះ​លោក ឃិន ម៉េង​ស្រេង មិនដែល​ហ៊ាន​ហើបមាត់​ម្តងណា​ឡើយ​។ លោក សាំង កុសល ចាប់ផ្តើម​មានឱកាស​ព​ង្រឹ​ង ពង្រីក​មុខ​ជំនួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅក្នុង​ស្រុក​កោះ​ញែក តាំងពី​ពេលដែល​គាត់ ឡើង​តំណែង​ជា​មេ​កងអនុសេនាធំ​ទី​៣ ចំណុះ​ឲ្យ​វរៈ​សេនា​តូច ការពារ​ព្រំដែន​លេខ​១០៣ ដែលមាន​លោក អ៊ុំ សុវណ្ណ ជា​មេបញ្ជាការ ។​

 

​គ្រប់​ជំនួញ​ឈើ​ខុសច្បាប់​នៅក្នុង​ស្រុក​កោះ​ញែក សុទ្ធតែ​កើតឡើង​ដោយសារ មានការ​បិទ​ភ្នែក​របស់លោក សាំង កុសល ហើយ​បើ​និយាយ​ពី​ទូទាំង ខេត្តមណ្ឌលគិរី​វិញ ក្រុម​អ្នករកស៊ី​ឈើ​ទាំងអស់ សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតដិត ជាមួយ​លោក ឃិន ម៉េង​ស្រេង ព្រោះ​មុនពេល​រត់ការ ជ្រែ​យក​តំណែង​ជា​មេ​យោធា ខេត្តមណ្ឌលគិរី ក៏​លោក ឃិន ម៉េង​ស្រេង ចំណាយ​ប្រាក់​អស់​មិនតិច​ដែរ ទើប​គាត់​ទុក​ឱកាស​ឲ្យ​មន្ត្រីក្រោមឱវាទ រកស៊ី​ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ​។ ជាធម្មតា​លោក សាំង កុសល បាន​ដឹកជញ្ជូន​ឈើ​ប្រណីត ចេញទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រករបៀង​ព្រំដែន​ចំនួន​៣ គឺ​ប៉ុស្តិ៍​អូរ​លាវ ប៉ុស្តិ៍​១៤ និង​ប៉ុស្តិ៍​ម្រេច ដែល​ស្ថិតក្រោម​ការក្តោបក្តាប់ របស់​កងអនុសេនាធំ​ទី​៣ ដែលមាន​លោក សាំង កុសល ជា​មេបញ្ជាការ​។​

 

​នៅក្នុង​ខេត្តមណ្ឌលគិរី គេ​សង្កេតឃើញ​មន្ត្រី​យោធា ពាក់ព័ន្ធ​ជាមួយ​ការរកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ តែ​លោក ឃិន ម៉េង​ស្រេង នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់ ជាពិសេស​ជំនួញ​ឈើ​ខុសច្បាប់ របស់លោក សាំង កុសល ដែលមាន​ទ្រង់ទ្រាយ​ធំជាងគេ សឹងតែ​ផ្តាច់មុខ​នៅក្នុង ទឹកដី​ស្រុក​កោះ​ញែក ក៏​លោក ឃិន ម៉េង​ស្រេង មិនដែល​កោះហៅ​លោក សាំង កុសល ទៅ​ណែនាំ​ដើម្បី​កែទម្រង់ លុបបំបាត់​ភាព​អសកម្ម នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ពី​ប្រជាពលរដ្ឋ​។ ថ្នាក់លើ​គួរតែ​ពិនិត្យមើល​ឡើងវិញ អំពី​ភាពអនាធិបតេយ្យ​នៃ​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត ខុសច្បាប់​របស់លោក សាំង កុសល ដែល​បំពាន​ដោយ​កំរោល​ចំ ពោះ​បទបញ្ជា​០០២ របស់​រាជរដ្ឋាភិបាល ក្នុងការ​បង្ការ​បង្ក្រាប ជំនួញ​ឈើ​ខុសច្បាប់​។​

Wat-Meng-Sreng

​យ៉ាងណាក៏ដោយ មន្ត្រី​យោធា​មួយចំនួន​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា រឿង​ដែល​លោក ឃិន ម៉េង​ស្រេង មិន​ហ៊ាន​ប៉ះពាល់ ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ ប្រចាំ​ស្រុក​កោះ​ញែក របស់លោក សាំង កុសល ក៏​ព្រោះតែ​លោក ឃិន ម៉េង​ស្រេង មាន​ជាប់​ពាក់ព័ន្ធ យ៉ាង​វែង​អន្លាយ​ជាមួយ ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ព្រោះ​កន្លងមក​ខ្សែស្រឡាយ សាច់ញាតិ និង​កូនចៅ​ជំនិតៗ របស់លោក ឃិន ម៉េង​ស្រេង មានការ​ពាក់ព័ន្ធ​ជាមួយ ជំនួញ​ឈើ​ខុសច្បាប់ ដែល​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់ បង្កើតជា​គំរូ​អាក្រក់ សូម្បីតែ​លោក សាំង កុសល ដែលជា​មេ​ឈ្មួញ រកស៊ី​ឈើ​ខុសច្បាប់ ឡើង​ដុះ​ស្លែ​ប្រចាំ​ស្រុក​កោះ​ញែក ក៏​ក្លាយជា​មន្ត្រី​យោធា ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ស្រុក​នោះ មាន​ឳ​កាស​ពង្រឹងពង្រីក មុខ​ជំនួញ​រកស៊ី​ដឹកជញ្ជូន ឈើ​ខុសច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published