ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋបានរិះគន់ចំពោះសង្កាត់រដ្ឋបាលជលផល អន្លង់សំណរ និងបរិស្ថាន បានឃុបឃិតគ្នាបើកភ្លើងខៀវឲ្យមានសកម្មភាពឆក់ត្រី និងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលកំពុងតែពេញនិយមសម្រាប់ប្រជានេសាទនៅភូមិស្ទឹងជ្រៅ និងមាត់ខ្លា ជាពិសេសលោក ថ្លាង ឈត់ ភូមិគរ ឃុំជីក្រែង ស្រុកជីក្រែង ជាប់ឈ្មោះល្បីខាងដាក់សាច់បរក្រឡាញឹក និងមាន៣ឡុកធំ មិនដែលឃើញអស់លោកសមត្ថកិច្ចណាហ៊ានក្អកជាមួយលោកជាថៅកែធំទេ ដោយសារតែគេចិញ្ចឹមឆ្នាំងបាយ ចំណែកឯអ្នកក្រីក្របានព្រឹកខ្វះល្ងាច សមត្ថកិច្ចជលផលតែងតែធ្វើបាបគំរាមចាប់ស្ទើតែដាច់ពោះស្លាប់ ដោយការមិនមានលុយបង់ឲ្យអស់លោក ។
លោក ថោក ទុយ រស់នៅភូមិអន្លង់ព្រី បានដាក់សាច់ចំនួន២ឡូក ដែលមានប្រវែងមិនក្រោមពី៤គីឡូម៉ែត្រនោះទេ បានដាក់នៅតាប៉ុកខាងកើតកងមាស ព្រមទាំងបានអះអាងថា លោកមិនមានការព្រួយបារម្ភណ៍នោះទេ សម្រាប់សមត្ថកិច្ច ព្រោះគាត់មានលុយក្នុងការបើកប្រាក់ឲ្យសមត្ថកិច្ចគ្រប់ជំនាញដូចប្រាក់ខែចំណែកនៅឯស្ទឹងជ្រៅពោពេញទៅដោយសម្រាស់ដែលប្រើរូបភាពហុំជាកំប្លោកសម្រាប់ហុំយកត្រី តែត្រូវបានជំនាញមានការឃុបឃិត និងបានលេសថា ហុំកំប្លោកទុកសម្រាប់ធ្វើជីដាំឪឡឹក ទាក់ទិននិងបញ្ហារការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ។
ការបើកភ្លើងខៀវពីសំណាក់លោក យឹម ស៊ីវន់ នាយសង្កាត់រដ្ឋបាលជលផល ឃុំអន្លង់សំណរ និងលោក ជុំ ភាព នាយសង្កាត់រដ្ឋបាលជលផលកំពង់ក្តី ទើបប្រជានេសាទហ៊ានធ្វើសកម្មភាពពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ប្រហែលជាត្រូវដងត្រូវផ្លែគ្នាជាមួយលោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលសៀមរាប ហើយបានជាមិនមានការអើពើ និងបណ្តែតបណ្តោយឲ្យធ្វើសកម្មភាពពេញផ្ទៃទន្លេសាបក្នុងស្រុកជីក្រែង ៕