ប្រទេសអាហ្វហ្គានីស្ថាន ៖ ប្រភពព័ត៌មានដែលរាយការណ៍ពីទីក្រុងកាប៊ូល បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤នាក់ត្រូវបានស្លាប់ក្នុងនោះស្ត្រីម្នាក់ផងដែរក្នុងហេតុការផ្ទុះគ្រាប់បែកអត្តឃាតលើរថយន្តក្រុងរបស់កងទ័ព មួយគ្រឿង ក្នុងរដ្ឋធានីកាប៊ូល នៃប្រទេសអាហ្វហ្គានីស្ថាន ។ ចំណែកមនុស្ស២០នាក់ផ្សេងទៀតបានទទួលរងរបួស ។ នេះយោងតាមការឲ្យដឹងពីរដ្ឋាភិបាលប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមឧទ្ទាម តាលីបង់ បានអះអាងថា ពួកគេគឺជាអ្នកបង្កការវាយប្រហារនេះ ។ ស្នងការរងនៃក្រុងកាប៊ូលបាននិយាយថា ជនបំផ្ទុះគ្រាប់បែកត្រូវបានគេរារាំងមិនឲ្យចូលទៅក្នុងរថយន្តដែរ ប៉ុន្តែនៅតែមានការផ្ទុះ។
ក្រុមមន្ត្រីសន្តិសុខបាននិយាយថា យ៉ាងហោចណាស់មានការវាយប្រហារចំនួនពីរករណីទៀត ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ កាលពីដើមខែនេះ ជនជាតិអាហ្វហ្គានីស្ថាននិងក្រុមជនបរទេសចំនួន២១នាក់បានស្លាប់ ក្នុងនោះ រួមមានទាំងបុគ្គលិករបស់អង្គការសហប្រជាជាតិ និងមន្ត្រីកំពូលរបស់អង្គការមូលនិធីរូបិយវត្ថុអន្តរជាតិផងដែរ ដោយសារតែការវាយប្រហារមួយនៅក្នុងភោជនីដ្ឋានមួយកន្លែង ក្នុងរដ្ឋធានីកាប៊ូល៕