ប្រទេសហ្កាតា ៖ ប្រភពពីគេហទំព័រយ៉ាហូញូបានរាយការណ៍មកថា កីឡាករអេស្ប៉ាញ Sergio Garcia បានគ្រងជាម្ចាស់ពានរង្វាន់ជើងឯកដោយបានផ្តួលគូប្រជែងរបស់ខ្លួនគឺកីឡាករហ្វាំងឡង់ Mikko Ilonenទទួលបានឱកាសលើកពានកម្មវិធី Qatar Masters ដែលមានទឹកប្រាក់រង្វាន់សរុបដល់ទៅ២លាននិង៥០ម៉ឺនដុល្លារ អាមេរិក ។ កម្មវិធីប្រកួតត្រូវបានរៀបចំធ្វើនៅទីលានវាយកូនគោល Doha Golf Club ប្រទេសកាតាកាលពីថ្ងៃសៅរ៍ទី២៥ខែ មករា ។
Sergio Garciaបញ្ចប់ជុំផ្តាច់ព្រ័ត្រក្នុងលទ្ធផល៧អាន់ឌ័រ ប៉ា ៦៥ ។ សរុបលទ្ធផលទាំង៤ជុំគឺ ១៦អាន់ឌ័រ ២៧២ទទួលបានពានជើងឯករបស់សមាគមទេសចរណ៍អឺរ៉ុបជាលើកទី១១ ក្នុងអាជីព និងទឹកប្រាក់រង្វាន់ជាង ៣១ម៉ឺនដុល្លារអាមេរិក ។ ការឈ្នះពានជើងឯកសមាគមនេះ២លើកចុងក្រោយរបស់គេគឺនៅឆ្នាំ ២០១១ក្នុងកម្មវិធី Andalucia Mastersនិងកម្មវិធី Castello Masters ។ គេបានថ្លែងថា៖ «ពិតជារំភើបខ្លាំងណាស់ដែលដៃទាំងទ្វេរបស់ខ្ញុំមានឱកាសកាន់ពាន ជើងឯកនេះ ។ វាជាពានដ៏ស្រស់ស្អាតនិងមានទម្ងន់ធ្ងន់ ។ ជាការប្រពៃដែលចាប់ផ្តើមរដូវកាលថ្មីជាមួយនឹងជ័យជម្នះនៅទីនេះ» ។
កីឡាករ Mikko Ilonenដែលបញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់លេខ១ស្ទួនជាមួយ កីឡាករអេស្ប៉ាញ Sergio Garcia បន្ទាប់ពីធ្វើបានលទ្ធផលសរុប ១៦អាន់ឌ័រ ២៧២ ស្មើគ្នា ទទួលបានទឹកប្រាក់រង្វាន់ជាង ១៦ម៉ឺនដុល្លារអាមេរិក ៕