រាជធនាភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីរថយន្តធុនដ្រា បើកបុក ហើយអូសជាង១០០ម៉ែត្រ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ នៅត្រង់ចំណុចស្តុបសណ្ឋាគារ ឡុងប៊ិចប្លាហ្សា តាមបណ្ដោយផ្លូវ២៨៩ កែងនឹងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះមានឈ្មោះ ម៉ូវ ស៊ាងឡាយ អាយុ២៦ឆ្នាំ បានជិះម៉ូតូម៉ាកស្មាស់វីមួយគ្រឿង ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BR-5971 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥២៨ ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់កន្លែងកើតហេតុក៏ត្រូវរថយន្តម៉ាកធុនដ្រា មួយគ្រឿង ដែលត្រូវគេស្គាល់ថា ពណ៌ស តែមិនចាំស្លាកលេខ បានធ្វើដំណើរតាម បណ្ដោយផ្លូវ ២៨៩ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន នោះបានជ្រុលទៅបុក និងម៉ូតូចំពីមុខ យ៉ាងពេញទំហឹងបណ្ដាល ឲ្យខ្ទាតអូសម៉ូតូទាំងអ្នកបើកប៉ើងជាង១០០ម៉ែត្រ ។ ពេលឃើញហេតុការណ៍បែបនេះរថយន្តបង្កបានបន្ថែមល្បឿនគេចបាត់ស្រមោលភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនមួយ បានមកដឹកជួយសង្គ្រោះបុរសនេះ ក៏ប៉ុន្តែដោយសាររបួសមានសភាពធ្ងន់ធ្ងរ ជនរងគ្រោះនោះ ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ៕