ប្រទេសស្រីលង្កា ៖ ដោយភាពក្តួលអាណិតនូវជីវិតសត្វលោកព្រះភិក្ខុមួយអង្គសុខចិត្តបូជាព្រះកាយដោយការដុតសម្លាប់ខ្លួន ដើម្បីប្រឆាំងនឹងការសម្លាប់សត្វគោក្របីយកមកធ្វើជាម្ហូបអាហារនៅក្នុងប្រទេសស្រីលង្កានោះបានរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត ហើយត្រូវបានឧបាសកឧបាសិកានាំគ្នារួសរាន់ដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រកម្សាន្តប្រទេសអង់គ្លេសឈ្មោះ ម៉ែលអនឡាញ។
តាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសបានឱ្យដឹងថា សង្ឃដែលបានបូជាខ្លួនឯង នៅជិតវត្តព្រះពុទ្ធនោះ មានព្រះនាមព្រះ ភិក្ខុធូត រ៉េលីក គង់នៅទីក្រុងឃែនឌី ភាគកណ្តាលនៃប្រទេសស្រីលង្កា ។ ប្រភពនោះបានបន្តទៀតថា នៅមុនពេលបូជា ព្រះកាយនឹងព្រះអគ្គី ដើម្បីជាការប្រឆាំងនឹងការសម្លាប់គោក្របីធ្វើជាអាហារនោះ ព្រះភិក្ខុអង្គនេះបានមានសង្ឃដីកា ប្រាប់ពុទ្ធបរិស័ទថា អាត្មានឹងពលីជីវិតខ្លួនឯង ដើម្បីស្រោចស្រង់ជីវិតសត្វលោកពិសេសគឺជីវិតគោក្របីនេះតែម្តង ។
ទោះបីជាយ៉ាងណាព្រះភិក្ខុអង្គនេះមិនទាន់អស់សង្ខារនោះទេ ដោយសារតែមានគេជួយសង្គ្រោះទាន់ពេលវេលា និងបានបញ្ជួនទៅកាន់មន្ទីរពេទ្យបង្អែកនៅក្នុងទីក្រុងឃែនឌី ប៉ុន្តែព្រះអង្គកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ។ សាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋនៃប្រទេសស្រីលង្កានោះប្រឆាំងដាច់ខាតនឹងការសម្លាប់ជីវិតសត្វពិសេស គឺជីវិតសត្វគោក្របី ។ ៧៥ភាគរយនៃប្រជាជនរបស់ប្រទេសនេះ គឺជាពុទ្ធ សាសនិក ។ ពុទ្ធសាសនិកភាគច្រើននៅក្នុងប្រទេសស្រីលង្កាបរិភោគសាច់ជា អាហារ ប៉ុន្តែពួកគេចៀសវាងការបរិភោគសាច់គោ ពីព្រោះពួកគេចាត់ទុកសត្វគោ គឺជាទីសក្ការបូជាដូចជាព្រះរបស់ពួកគេ ។
ករណីដុតសម្លាប់ខ្លួនពីសំណាក់ព្រះសង្ឃក៏ធ្លាប់កើតឡើងជាញឹកញាប់ផងដែរនៅតំបន់ស្វយ័តទីបេ ប្រទេសចិន ដោយព្រះសង្ឃទាំងនោះបូជាខ្លួនជាមួយព្រះអគ្គីដើម្បីឱ្យមានការចាប់អារម្មណ៍ខ្លាំងពីមនុស្សទូទាំងពិភពលោកឱ្យដឹងពី ការតវ៉ារបស់ពួកទ្រង់ប្រឆាំងនឹងភាពជាអាណាព្យាបាល របស់ទីក្រុងប៉េកាំងមកលើ តំបន់ទីបេ និងការគាបសង្កត់ឥតព្រំដែន ពីសំណាក់អាជ្ញាធរចិនចំពោះសិទ្ធិសេរី ភាពសាសនា និងវប្បធម៌ដែលមានជាយូរលង់ណាស់មកហើយនៅក្នុងតំបន់នេះ ៕