ខេត្តកោះកុង ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីនាំមនុស្សយកទៅជួញដូរឆ្លងប្រទេស ។ ការឃាត់ខ្លួននេះធ្វើក្រោយទទួលពាក្យបណ្តឹងពីនារីជនរងគ្រោះនៅវេលាម៉ោង១៩និង១២នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៤ ស្ថិតនៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ។
ជនសង្ស័យមានឈ្មោះ គ្រីន វុទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ មានមុខរបរមិនពិត។ ចំណែកនារីរងគ្រោះមានឈ្មោះ ឆាយ ស្រីទី ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូនិគម ខេត្ដសៀមរាប និងម្នាក់ទៀតឈ្មោះ សុខ ស្រីភស្ភ័ អាយុ ១៩ឆ្នាំ មានទីលំនៅភូមិនាទេស ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះ សមត្ថកិច្ចបានស្វែងរកចាប់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញានាំពលករឆ្លងដែលខុសច្បាប់ ទៅប្រទេសថៃ ។ បច្ចុប្បន្នជនសង្ស័យកំពុង កសាងរឿង សំណុំបញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់ ៕