រាជធានីភ្នំពេញ ៖ ទីតាំងម៉ាស្សាកោសជប់យីហោ ១៦៨ ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញបង្ក្រាបកាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះលេខ១០៥សេ ផ្លូវ៤៣២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលួចបង្កប់ការរួមភេទជាលក្ខណៈអាជីវកម្ម។
ប្រភពពីសមត្ថកិច្ចដែលបង្ក្រាបនៅកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងខាងលើបើកអាជីវកម្មខាងលើនេះ អស់រយ:ពេល៣-៤ឆ្នាំមកហើយ ដោយជួលផ្ទះគេក្នុងតម្លៃ ៥០០ដុល្លារ ក្នុង១ខែ ដែលមានថៅកែប្រុសម្នាក់ឈ្មោះ ទ្រី តិច អាយុ ៤៥ឆ្នាំ និងឃាត់ខ្លួនបាននារីម៉ាស្សា ចំនួន ៤ នាក់ ។ ក្រោយចុះបង្ក្រាបទីតាំងម៉ាស្សាខាងលើនេះ កម្លាំងសមត្ថកិច្ច បានដកហូតស្រោមអនាម័យ ដែលប្រើប្រាស់ រួច និងមិនទាន់ប្រើប្រាស់ជាច្រើនដុំ ។
សូមបញ្ជាក់ថា នៅពេលសមត្ថកិច្ចចុះទៅបង្ក្រាបនោះ ក៏មានភ្ញៀវចូលទៅម៉ាស្សា និងរួមភេទផងដែរ ប៉ុន្តែបានគេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូម៉ាកស៊ីរ៉ូស ពណ៌លឿងលាយខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BT-4596។ ចំពោះនារីម៉ាស្សាទាំង ៤នាក់ សមត្ថកិច្ច បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ រីឯថៅកែប្រុស នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕