រាជធានីភ្នំពេញ ៖ បុរសជនជាតិវៀតណាមម្នាក់ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីរសៀលថ្ងៃទី២៣ មករា ២០១៤ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិវៀតណាមរូបនេះឈ្មោះ វ៉ាន់ វាយ អាយុ៤៦ឆ្នាំ ត្រូវក្រុមសមត្ថកិច្ចចម្រុះរួមមានក្រុមប្រតិបត្តិការនៃក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន TCT របស់អគ្គស្នងការនគរបាលជាតិមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងនគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីវេលា ម៉ោងជាង៩ព្រឹក ថ្ងៃទី២០ មករា ២០១៤ នៅចំណុចខាងក្រោយផ្សារអូឡាំពិក ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ដោយរឹបអូសបានគ្រឿងញៀនប្រភេទព្យូដូរអេហ្វេទ្រីន និងល្បាយមេតំហ្វេតាមីនសម្រេចទម្ងន់ប្រមាណ៨,៤គីឡូក្រាម។
ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចជំនាញបានសហការជាមួយប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជាកំណត់បានពីអត្តសញ្ញាណអ្នកផ្ញើកញ្ចប់ទាំង២លើកនេះទៅអូស្ត្រាលី ហើយនៅព្រឹកថ្ងៃទី២០ មករា ២០១៤ ឈ្មោះវ៉ាន់ វាយ ក៏យកកញ្ចប់មកផ្ញើទៅប្រទេសអូស្ត្រាលីម្តងទៀត ដោយមានតុក្កតាចំនួន៥ ទម្ងន់៣៦គីឡូក្រាម ដែលមានបង្កប់គ្រាប់ថ្នាំពណ៌សលាក់ក្នុងដុំពូកអេប៉ុងជាច្រើនរយដុំ៕