ប្រទេសស្វ៊ីស ៖ ប្រភពពីទីភ្នាក់ងារព័ត៌មានរបស់គេហទំព័រ ឆាណេលញូអេស៊ា បានរាយការណ៍មកថា នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក ស៊ីនសូ អាបេ និង នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក តូនី អាបុត បានសន្យារួមគ្នាថា នឹងពង្រឹងទំនាក់ទំនងខាងវិស័យសន្តិសុខនិងពាណិជ្ជកម្ម។ មេដឹកនាំទាំងពីរបានជួបគ្នា កាលពីថ្ងៃពុធម្សិលមិញ នៅឯក្រុងដាវ៉ូស ប្រទេសស្វីស ពោលគឺជាទីកន្លែងដែលពួកលោកកំពុងចូលរួមកិច្ចប្រជុំកំពូលស្តីពី សេដ្ឋកិច្ចពិភពលោក។
ថ្លែងទៅកាន់ក្រុមអ្នកចូលរួមនៅវេទិកាសេដ្ឋកិច្ចពិភពលោក នៅទី ក្រុងDavos ប្រទេសស្វ៊ីស នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនលោក ស៊ីនសូ អាបេ ថាការចំណាយយោធា ចំបាច់ត្រូវបន្ថយនៅអាស៊ី ។ ប្រាក់ចំណូលនិងការលូតលាស់សេដ្ឋកិច្ចនៅអាស៊ី មិនគួរត្រូវបានចំណាយខ្ជះខ្ជាយទៅលើយោធានោះទេ ។ ការធ្វើអត្ថាធិប្បាយបែបនេះរបស់នាយករដ្ឋមន្ត្រីជប៉ុនត្រូវបានគេគិត ថាទំនងជានិយាយសំដៅទៅរកប្រទេសចិនដែលកំពុងជាប់ពាក់ព័ន្ធក្នុង ជម្លោះទឹកដីជាមួយបណ្តាប្រទេសជិតខាងរបស់ខ្លួន(ចិន) ។
កាលពីពេលមុននេះ លោក ស៊ីនហ្សូ អាបេ បានប្រៀបធៀបទំនាក់ទំនងជាមួយប្រទេសចិនទៅនឹងទំនាក់ទំនងទាំងឡាយរវាង ប្រទេសអង់គ្លេសនិងអាល្លឺម៉ង់នៅពេលសង្គ្រាមលោកលើកទីមួយ។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា “ ជប៉ុនបានសន្យាថានឹងមិនវិលត្រឡប់ទៅរកការចាប់ផ្តើមធ្វើសង្គ្រាមទៀត នោះទេ។ យើងបន្តចង់បានសន្តិភាពសម្រាប់ពិពភលោក”។ លោកបានបន្តថា បើសិនសន្តិភាពនិងស្ថិរភាពមិនមាននៅអាស៊ីទេ ផលប៉ះពាល់របស់វានឹងប៉ះពាល់ពិភពលោកទាំងស្រុងហើយផលប៉ះពាល់នេះនឹង កាន់តែរីកធំឡើង។
លោកបានបន្ថែមថា ការកើនឡើងប្រចាំឆ្នាំចំនួន១០ភាគរយនៃថវិកាការពារជាតិរបស់ចិន បានបង្កការព្រួយបារម្ភនិងអាចជាការគំរាមកំហែងផងដែរ។ នៅពេលត្រូវបានសួរដោយក្រុមអ្នកកាសែតថាតើមានបំណងកាត់បន្ថយភាពតឹង ទាំងនេះ លោក ស៊ីនហ្សូ អាបេ បាននិយាយថាភាពតឹងទាំងនេះ ទំនងជានឹងមិនអាចថមថយនោះទេ ខណៈដែលចិននៅតែបន្តពង្រីកនិងពង្រឹងកម្លាំងយោធារបស់ខ្លួននោះ៕