អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សោមា​ករិថ​រកា រកឃើញ​គូជីវិត​ថ្មី ជា​អ្នកជំនួញ​វ័យក្មេង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​ចំណងស្នេហា​របស់​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សោមា​ករិថ​រកា ដែល​បាន​បង្កើតឡើង​ជាមួយ​លោក ឆោម ប៊ុន​យ៉ុង កាលពី​ចុងឆ្នាំ​២០១១​មក បាន​បែកបាក់​គ្នា​ហើយ​នោះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សោមា​ករិថ​រកា ហាក់ដូចជា​ស្ងប់ស្ងាត់​មួយរយៈ​មិនដែល​មាន​ពាក្យ​អ្វី​លេចឮ​ពី​ជីវិត​ឯកជន​របស់​ទ្រង់​ឡើយ ។ ប៉ុន្តែ​នៅពេល​ថ្មីៗ នេះ​អ្វី​ដែលជា​ភាព​ស្ងប់ស្ងៀម​នោះ​ត្រូវបាន​គេ​ដឹង​ស្ទើរតែ​ពេញ​ពិភព​សិល្បៈ​ទៅហើយ​ថា អ្នក​អ​ង្គ​ម្ចាស់​បាន​រក​ឃើញ​គូស្នេហ៍​ថ្មី​របស់​ទ្រង់ ហើយ​ក៏មាន​គម្រោង​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៤ ជាមួយនឹង​អ្នកជំនួញ​វ័យក្មេង​ម្នាក់​ដែលមាន​អាយុ​ប្អូន​ទ្រង់​ប្រហាក់​ប្រហែលជា ៤ ឆ្នាំ ។​

 

​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សោមា​ករិថ​រិ​កា គឺជា​បុត្រ​ច្បង​ក្នុង​គ្រួសារ​រាជវង្ស​ដែលមាន​បងប្អូន​ស្រី​ពីរ​នាក់ ។ មុន​ពេលដែល​អ្នកអង្គម្ចាស់​ជួប​ប្រសព្វ​ស្នេ​ហា​​ជាមួយ​តារាចម្រៀង ឆោម ប៊ុន​យ៉ុង អ្នកអង្គម្ចាស់​ក៏​ធ្លាប់មាន​ស្វាមី​ម្តង​រួចមកហើយ ប៉ុន្តែ​ក៏បាន​បែកបាក់​គ្នា​ទៅវិញ ។ ជុំវិញ​ការបែកបាក់​រវាង​អ្នកអង្គម្ចាស់ និង​លោក ឆោម ប៊ុន​យ៉ុង នោះ​ទាំងសងខាង​មិនបាន​ទម្លាក់កំហុស​ទៅលើ​នរណាថា អ្នកប្រព្រឹត្ត​រឿង​ដែល​ឆ្គាំឆ្គង​មកលើ​គ្នា​នោះទេ គឺ​ម្នាក់ៗ​សុទ្ធតែ​និយាយ​គោរព​គ្នា​ទៅវិញទៅមក​ដោយ​ប្រាប់ថា រស់នៅ​មិន​ចុះសម្រុង​លែងមាន​និស្ស័យ​នឹង​គ្នា​តទៅទៀត ។ ក្រោយពី​បែកបាក់​ស្នេហ៍​មក​គេ​សង្កេតឃើញ​លោក ឆោម ប៊ុន​យ៉ុង បាន​ទៅ​សាង​ផ្នួស​ដែល​មកទល់ពេលនេះ​នៅ​មិនទាន់​លាចាក​សិក្ខាបទ​នៅឡើយ ហើយ​លោក​ក៏​ធ្លា​ប់​បា​ន​​អះអាងថា ការ​បួស​របស់លោក​មិន​ពាក់ព័ន្ធ​ទៅនឹង​រឿង​បែកបាក់​ស្នេហា​នោះទេ គឺ​លោក​បួស​ដើម្បី​សងគុណ​ឪពុកម្តាយ ។

 

ម្យ៉ាងវិញទៀត​លោក​ហាក់ដូច​ជាមាន​និស្ស័យ​នឹង​ធម៌​ដូច្នេះ ទើប​ជំរុញ​ឱ្យ​លោក​បួស​ក្នុង​រយៈពេល​យូរ​ដែល​មិនទាន់​អាច​រក​ពេល​កំណត់ថា នឹង​លា​ចា​ក​សិក្ខាបទ​នៅពេលណា​ឡើយ​! ។​ ​ជុំវិញ​គម្រោង​ក្នុងការ​ភ្ជាប់ពាក្យ​របស់​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សោមា​ករិថ​រកា និង​អ្នកជំនួញ​វ័យក្មេង​ដែលមាន​វ័យ​​ប្រហែល​សាមសិប​ឆ្នាំ​ស្តើង​នោះ​ត្រូវបាន​អ្នកអង្គម្ចាស់​មានបន្ទូល​ថា ចំណង​ស្នេហ៍​របស់​ពួកយើង គឺ​កើតឡើង​ដោយ​ចៃដន្យ​បំផុត ។ កាលពី​ដំបូង​ខ្ញុំ​ក៏​មិនបាន​ជួបនឹង​គាត់​ភ្លាម​ទេ គឺ​ខ្ញុំ​បាន​ជួបនឹង​ម្តាយ​របស់គាត់ គឺ​អ្នកស្រី ភួង កែវ​មុន្នី ដែល​ពេលនោះ​ខ្ញុំ​មាន​ជំងឺ​ប្រចាំកាយ ហើយ​ម្តាយ​រ​ប​ស់​គាត់​នៅ​ប្រចាំ​ក្នុង​ក្រុមហ៊ុន​យូ​នី​ស៊ី​ធី ដែលមាន​លក់​ឱសថ​ត្រូវ​នឹង​រោគ​របស់ខ្ញុំ ដូច្នេះហើយ​ទើបបានជា​ខ្ញុំ​ទៅ​ជួបពិភាក្សា​ជាមួយ​ម្តាយ​របស់គាត់ ដើម្បី​ប្រើប្រាស់​ឱសថ​ដែល​ត្រូវ​នឹង​រោគ​របស់ខ្ញុំ ។ លុះ​រយៈពេល​២​ខែ​ក្រោយមក​ខ្ញុំ​ក៏បាន​ជួបនឹង​អនាគត​គូ​ដណ្តឹង​របស់ខ្ញុំ​ដែល​ពេល​ជួបគ្នា​ដំបូង​នោះ​​ពួកយើង​មាន​អារម្មណ៍​ធម្មតា​ទេ ។​

 

​ជួប​ដំបូង​ពួកយើង​មិនបាន​គិតពី​រឿង​ស្នេហា​ឡើយ ម្យ៉ាង​គាត់​ក៏​ជាម​នុស្ស​មិនសូវ​ចេះ​មាត់ក​ប៉ុន្មាន​ដែរ ។ គ្រាន់តែ​នៅពេលនោះ​ពួកយើង​ហាក់ដូច​ជាមាន​អារម្មណ៍​សង្កេត​មើលគ្នា​គាត់​មើល​ខ្ញុំ​! ខ្ញុំ​មើល​គាត់​! ។ ក្រោយពី​បាន​ស្គាល់គ្នា​ជា​៤​ខែ ទើប​ខ្ញុំ​ដឹងថា​គាត់​ប្រហែលជា​មានចិត្ត​មកលើ​ខ្ញុំ តែ​គាត់​មិន​ហ៊ាន​ប្រាប់ថា​ស្រឡាញ់​ខ្ញុំ​នោះទេ ។ ថ្ងៃមួយ​ខ្ញុំ​ត្រូវ​ការប្រើ​ថ្នាំ​តែ​វា​អស់​ទៅហើយ ចំណែកឯ​គាត់​មាន​សម្រាប់​ប្រើ​ខ្លួនឯង ហើយ​ថ្នាំ​នោះ​ក៏​ចាំបាច់​សម្រាប់​គាត់​ដែរ តែ​គាត់​សុខចិត្ត​ប្រគល់ឱ្យ​ខ្ញុំ​ទើប​ខ្ញុំ​ដឹងថា​គាត់​មានចិត្ត​មកលើ​ខ្ញុំ ហើយ​គាត់​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ខ្ញុំ ។

 

ចាប់ពីពេលនោះ​មក​ខ្ញុំ​ក៏​ចាប់ផ្តើម​សង្កេត​ទៅលើ​គាត់ ។ គាត់​ជាម​នុស្ស​ប្រុស​ល្អ​មិនចេះ​សួរនាំ​ច្រើន​មិន​ខ្វាយខ្វល់​និង​អតីតកាល​របស់ខ្ញុំ​ជាពិសេស​នោះ​គាត់​ឆ្លាត​ខាង​រកស៊ី​អាច​ថា គាត់​ជាម​នុស្ស​ប្រុស​អាយុ​តិច​មែន ប៉ុន្តែ​មានពេលខ្លះ​ខ្ញុំ​ក៏​គិត​មិន​ដល់​គាត់​ដែរ ។ ខ្ញុំ​និយាយ​បែបនេះ​មិនមែន​ថា​ចំ​ពេលដែល “​ឃ្លាន​ឆ្ងាញ់​ស្រឡាញ់​ល្អ​” នោះទេ ហើយ​ការ​ភ្ជាប់ពាក្យ​នោះ​ក៏​មិនមែន​កើត ឡើង​ដោយសារតែ​គំនិត​របស់ខ្ញុំ​ដែរ ។​

 

​បើតាម​គំនិត​របស់ខ្ញុំ​វិញ គឺ​រង់ចាំ​មួយឆ្នាំ​ទៀត​ឯណោះ ប៉ុន្តែ​មាតា​របស់ខ្ញុំ​លោក​ពេញ​ព្រះទ័យ​ទៅលើ​អនាគត​គូ​ដណ្តឹង​របស់ខ្ញុំ​ជាង​ខ្ញុំ​ទៅទៀត លោ​ក​​ប្រាប់ថា ចង់ឱ្យ​ខ្ញុំ​ភ្ជាប់ពាក្យ​ក្នុងពេល​ឆាប់ៗ​នេះ ។ ខ្ញុំ​ជឿ​លើ​ក្រសែភ្នែក​របស់លោក​ដែលជា​ចាស់ទុំ ព្រោះ​កន្លងមក​ខ្ញុំ​គិត​ខុស​ទៅហើយ ។ បើ​និយាយ​ទៅ​ការរៀបចំ​ពិធី​នៅពេល​ខាងមុខនេះ គឺ​មាតា​របស់ខ្ញុំ​ជា​អ្នកចាត់ចែង​ទាំង​អស់ទាំង​ពិធីការ​ជាង​ថត គឺ​នៅលើ​លោក​ព្រោះ​លោក​ចង់​ធ្វើ​ពិធី​នេះ​ទៅតាម​បែបបទ​បុរាណ​មិនឱ្យ​ខ្វះចន្លោះ​នោះទេ ដើម្បី​ទុកឱ្យ​កូន​ខ្មែរ​ទាំងឡាយ​មើល​ដឹងថា តើ​ប្រពៃណី​ខ្មែរ​យើង​ភ្ជាប់ពាក្យ​គេ​រៀបចំ​បែបណា ? ។​

 

​ពិធី​នោះ​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​បុរី​របស់ខ្ញុំ​មាន​ទីតាំងនៅ​ម្តុំ​ជិត​ផ្សារ​ដី​ហុយ​ដែល​គម្រោង​របស់ខ្ញុំ​អញ្ជើញ​ភ្ញៀវ​ប្រហែល​ជាជាង​២០០​នាក់ និង​មាន​អ្ន​ក​​សិល្បៈ​ចូលរួម​ផងដែរ ។​ ​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សោមា​ករិថ​រកា បន្ថែមថា ក្រោយពី​ភ្ជាប់ពាក្យ​ហើយ​នោះ គឺ​ខ្ញុំ​បានកំណត់​ហើយ​ថា ពីរ​ឆ្នាំក្រោយ​ទើប​ខ្ញុំ​រៀបការ ព្រោះថា​ការ​ទុកពេល​យូរ​បែបនេះ​ខ្ញុំ​អាចមាន​ឱកាស​ពង្រឹង​មុខ​ជំនួញ​របស់ខ្ញុំ​ឱ្យបាន​រឹងមាំ​សិន ។ ខ្ញុំ​ចង់ឱ្យ​ក្រោយពី​មង្គលការ​នោះ​រៀបចំ​ហើយ​ខ្ញុំ​អាចមាន​អ្វីៗ​ដោយ​ខ្លួនឯង ។ ម្យ៉ាងទៀត​ខ្ញុំ​មានបំណង​ចង់​ធ្វើ​ពិធីមង្គលការ​មួយ​នេះ​ទៅតាម​ប្រពៃណី​បុរាណ ​ហើយ​ធ្វើ​ធំ​តែម្តង ព្រោះ​​មង្គលការ​នេះ​ជាការ​បិទ​ទំព័រ​ជីវិត​គូស្រករ​របស់ខ្ញុំ​ដែល​មាតា​របស់ខ្ញុំ​ជា​អ្នក​ជ្រើសរើស​ឱ្យ ។ ខ្ញុំ​ក៏​មិន​ខ្លាច​ថា ភ្ជាប់ពាក្យ​ហើយ​ទុក​យូរ​ជូរ​ផ្អូម​ដែរ ព្រោះ​គាត់​ស្រឡាញ់​ខ្ញុំ និង​ខ្ញុំ​ស្រឡាញ់​គាត់ គឺ​ជឿជាក់​លើ​គ្នា បើ​មិន​ជឿ​លើ​គ្នា​ម៉េច​នឹង​កើត​បើ​ការងារ​របស់ខ្ញុំ​សព្វថ្ងៃនេះ​ធ្វើ​តែ​ជាមួយ​មនុស្ស​ប្រុស​ហ្នឹង​! ។ មនុស្ស​យើង​រស់នៅ​មិន​ត្រូវយក​ត្រចៀក ធ្វើ​ខួរក្បាល និង​មើល​មនុស្ស​ដោយ​ភ្នែក​ទទេ​នោះឡើយ ។

 

​ពាក់ព័ន្ធ​នឹង​ចំណង​ស្នេហ៍​ខុស​វ័យ​មួយ​នេះ អ្នកអង្គម្ចាស់​បាន​ញញឹម ហើយ​មានបន្ទូលថា គេ​ថា​ស្នេហា​មិន​ប្រកាន់​វ័យ​នោះឡើយ ។ គាត់​ស្រឡាញ់​ពេញចិត្ត​ខ្ញុំ​ត្រង់​នៅពេលដែល​ខ្ញុំ​ចុះ​ធ្វើការ​ជាមួយគ្នា គាត់​យល់ថា ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​លះបង់​មិន​គិតតែ​ប្រយោជន៍​ខ្លួនឯង ចេះ​អា​ធ្យា​ស្រ័យ ជាពិសេស​ស្រឡាញ់​មនុស្ស​នៅ​ជុំវិញខ្លួន ។​

 

​ពេល​លើក​ជា​សំណួរ​ថា តើ​ក្នុង​ពិ​ធិ​ភ្ជាប់ពាក្យ​អ្នកអង្គម្ចាស់​មាន​គម្រោង​អញ្ជើញ​ព្រះ​តេជគុណ ប៊ុន​យ៉ុង មក​ចូលរួម​ទេ ? អ្នកអង្គម្ចាស់​បាន​ឆ្លើយថា លោក​ជា​ព្រះសង្ឃ​ទៅហើយ​ណាមួយ​កុំ​ឱ្យគេ​និយាយថា​ខ្ញុំ​និមន្ត​លោក​មក​ក្នុងន័យ​បញ្ឈឺ គឺ​ខ្ញុំ​មិន​ចង់​មាន​ពាក្យ​អ្វី​កើតឡើង​មិនល្អ​នោះទេ ។ អ្ន​ក​អ​ង្គ​ម្ចា​ស់​បានបញ្ជាក់​ថា គូស្នេហ៍​របស់ខ្ញុំ​ដែល​ទើបតែ​រកឃើញ​ថ្មី​នេះ មិនមែនជា​បុរស​ម្នាក់​ដែល​គេ​មានការ​យល់ច្រឡំ​ថា ខ្ញុំ​បាន​ជួបគ្នា​ក្រោយពី​បែក​លោក ឆោម ប៊ុន​យ៉ុង ភ្លាម​និង​បាន​បណ្តើរគ្នា​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​នោះ​! ។  តាមពិត​បុរស​ម្នាក់​នោះ គឺជា​ដៃគូ​ជំនួញ​របស់ខ្ញុំ​យូរ​មកហើយ ហើយ​ពួកយើង​នៅតែ​បន្ត​ការរកស៊ី​ជាមួយគ្នា​ដដែល​នាពេល​បច្ចុប្បន្ននេះ ៕

23-1-2014 (2)

23-1-2014 (1) 

 

Leave a Reply

(*) Required, Your email will not be published