កីឡាការិនីរុស្ស៊ីម៉ារីយ៉ា សារ៉ាប៉ូវ៉ា បានក្លាយជាជនរងគ្រោះទី២បន្ទាប់ពីនាងស៊េរីណា វីលៀម ខណៈកាលពីរសៀលថ្ងៃចន្ទទី២០មករា នាងបានធ្លាក់ចេញពីជុំទី៤ក្រោយចាញ់ក្រោមកណ្តាប់ដៃកីឡាការិនី ស្លូវ៉ាគីដូមីនីកា ស៊ីប៊ុលកូវ៉ា។ ក្នុងពេលដំណាលគ្នា កីឡាករអេស្ប៉ាញរ៉ាហ្វាអែល ណាដាល់ និងកីឡាករស្វ៊ីសរ៉ូជើ ហ្វេដឺរ័របានឈានចូលទៅវគ្គ១/៤ផ្តាច់ព្រ័ត្រក្រោយពីឈ្នះគូប្រ កួតរៀងៗខ្លួនក្នុងជុំទី៤ ។
សារ៉ាប៉ូវ៉ាដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌមួយ នេះកាលពីឆ្នាំ២០០៨បានបរាជ័យក្នុងលទ្ធ ផល ៣-៦, ៦-៤ និង៦-១ ។ នាងបានបន្ទោសទៅលើរបួសត្រគាកខាងឆ្វេង ហើយថា របួសរបស់នាងបានរើឡើងវិញក៏ព្រោះនាងបានជួបគូប្រកួតយ៉ាងស្វិត ស្វាញក្នុងជុំទី២និងទី៣ ។អំឡុងការប្រកួត កីឡាការិនីរុស្ស៊ីរូបនេះបានបង្ហាញឱ្យឃើញនូវភាពខ្លាំងរបស់នាងជា មួយនឹងបច្ចេកទេសប្រកួតល្អឥតខ្ចោះនៅសិតទី១ ។ ប៉ុន្តែចូលដល់សិតទី២ នាងបានធ្វើឱ្យមានកំហុសជាច្រើនលើក និងនាំឱ្យគូប្រជែងតាមទាន់យកស្មើ ។ ក្នុងពេលចប់សិត សារ៉ាប៉ូវ៉ាត្រូវបានក្រុមគ្រូពេទ្យពិនិត្យមើលស្ថានភាពរបួស ។ បើទោះវាមិនមានសភាពធ្ងន់ធ្ងរខ្លាំង តែវាបានកម្រិតនូវការធ្វើសកម្មភាពរបស់នាងលើទីលានប្រកួត ។ សារ៉ាប៉ូវ៉ាបានថ្លែងថា៖«ខ្ញុំគិតថា ជោគជ័យ ក៏ព្រោះតែខ្ញុំអាចវិលមកប្រកួតក្នុងក្របខ័ណ្ឌនេះដោយគ្មានរបួស ជាប់ខ្លួន ។ នោះជារឿងសំខាន់ណាស់ ។ ប៉ុន្តែ អ្នកណាទៅដឹងថា ពេលនេះ ខ្ញុំអស់ឱកាសដោយសាររបួសកើតមានជាថ្មី »។
សម្រាប់នាងស៊ីប៊ុលកូវ៉ាវិញ នេះជាលើកទី១ហើយដែលនាងឆ្លងផុតជុំទី៤ក្របខ័ណ្ឌ Australian Open ។ដោយឡែកលទ្ធផលនៃការប្រកួតឯកត្តជនផ្នែកបុរសវិញ កំពូលកីឡាករលេខ១ក្នុងលោករ៉ាហ្វាអែល ណាដាល់ យកឈ្នះកីឡាករជប៉ុន Kei Nishikori ក្នុងលទ្ធផល៧-៦ , ៧-៥ និង៧-៦ ។ នៅវគ្គបន្ទាប់ ជើងឯកក្របខ័ណ្ឌធំ១៣ជំនាន់រូបនេះនឹងជួបប្រកួតជាមួយកីឡាករ ប៊ុលហ្គារី Grigor Dimitrov ។ ចំណែកកីឡាករហ្វេដឺរ័រនឹងជួបប្រកួតជាមួយកីឡាករអង់គ្លេសអ៊ែនឌី មូរ៉េ ក្រោយពីបានយកឈ្នះកីឡាករបារាំង Jo-Wilfried Tsongaក្នុងលទ្ធផល ៦-៣,៧-៥និង៦-៤ ៕