ខេត្ដស្ទឹងត្រែង ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីចោរកម្ម ក្រោយពីពួកគេបានធ្វើសកម្មភាពលួចម៉ាស៊ីនទូករបស់ប្រជាពលរដ្ឋ ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិស្វាយ ឃុំ កោះស្រឡាយ ស្រុកសៀមបូក ខេត្ដស្ទឹងត្រែង។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ ទី១-ឈ្មោះ ភូម្មា សារិទ្ធ (ចិត្រ) ភេទប្រុស អាយុ២៣ឆ្នាំ ទី២-ឈ្មោះ ភូម្មា សារ៉ាត់(សាយ) ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំងពីររស់នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ចំណែកទី៣-ឈ្មោះ ច្រឹង កុសល្យ (ភា) ភេទប្រុស អាយុ៣៣ឆ្នាំ ទី៤-ឈ្មោះ ជួន ពីន ភេទប្រុស អាយុ៣៤ឆ្នាំ អ្នកទាំងពីររស់នៅភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលជាជនរងគ្រោះសមត្ថកិច្ចបានចុះធ្វើការបង្ក្រាបភ្លាមៗ ចាប់បានជនល្មើសដកហូតម៉ាស៊ីនទូក៣គ្រឿង និងប្រគល់ជូនម្ចាស់វិញ ព្រោះពួកគាត់ពឹងលើរបរ ចិញ្ចឹមជីវិតតាមដងទន្លេដោយសារទូក ណាមួយចម្ងាយពីស្រុកមកខេត្ដមាន ចម្ងាយឆ្ងាយរាប់គីឡូ ។ បច្ចុប្បន្នជនសង្ស័យទាំង៤ ត្រូវបាន ឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីចាត់ការតាមនីតិវិធី៕