បាញ់​ប្លន់​ទាំង​ថ្ងៃ គេចខ្លួន​ដោយ​សុវត្ថិភាព ចំណែក​ជនរងគ្រោះ​ដេក​នៅ​ពេទ្យ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ អ្នក​គ្រប់​គ្រង់​ក្រុមហ៊ុន យាន​ជីន ត្រេ​ដ​ត្រូវបាន​ក្រុមចោរប្លន់​ប្រដាប់អាវុធ បាញ់​ប្លន់​យកប្រាក់​អស់​៤​ពាន់​ដុល្លារ ហើយ​ភ្លាមៗ​នោះ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៤ នៅក្នុង​ទីតាំង​ក្រុមហ៊ុន​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​កៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌឫស្សីកែវ ។​

 

​ជនរងគ្រោះ​ក្នុង​អំពើ​ប្លន់​នេះ​ឈ្មោះ JIANG LUMAO ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​រងរបួស​ចំនួន​២​គ្រាប់ គឺ​ត្រូវចំ​ថ្ពាល់​ស្តាំ និង​ចង្កេះ​ខាងស្តាំ ។ ចំណែក​ក្រុមចោរប្លន់​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​ចូលធ្វើ​សកម្មភាព​ប្លន់ ខណៈពេល​ជនជាតិ​ចិន​រូបនេះ​នៅក្នុង​ការិយាល័យ​ក្រុមហ៊ុន​លក់​ថ្ម​ម៉ាប និង​បាញ់​ចំនួន​២​គ្រាប់​បណ្តាលឱ្យ​រងរបួស ។​

 

​តាម​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​ឱ្យដឹងទៀតថា មុនពេល​កើតហេតុ នៅក្នុង​ក្រុមហ៊ុន​មាន​ជនជាតិ​ចិន​ចំនួន​២​នាក់ ដែល​ម្នា​ក់នៅ​ខាងក្រៅ (​តែ​ស្ថិតក្នុង​បរិវេណ​ក្រុមហ៊ុន​) និង​ជនជាតិ​ចិន​ដែល​គេង​អះអាងថា ជា​អ្នកគ្រប់គ្រង​នៅក្នុង​ការិយាល័យ​ដែលមាន​កញ្ចក់​ជិត ហើយ​ត្រូវ​ក្រុមចោរ​២​នាក់ ចូលទៅ​ប្លន់ ។ នៅក្នុង​សកម្មភាព​នោះ ក៏​មានការ​ប្រវាយប្រតប់​គ្នា រវាង​ក្រុមចោរ និង​ជនរងគ្រោះ​ដែរ ដោយ​ជនរងគ្រោះ​មិន​ព្រមឱ្យ​កាបូប ទើបត្រូវ​ចោរ​បាញ់​២​គ្រាប់ រួច​ដណ្តើមយក​កាបូប​រត់ឡើង​ម៉ូតូ​ជិះ​គេចខ្លួន​ទៅ​បាត់ទៅ ។ ខណៈនោះ ជនជាតិ​ចិន​ដែល​នៅ​ខាងក្រៅ​បាន​រត់​ដេញ​គប់​នឹង​ឈើ​គ្រឿងសង្ហារិម​ពី ក្រោយ​ផងដែរ ។ ទោះបីជា​យ៉ាងនេះ​ក្តី ក្រុមចោរប្លន់​បានគេច​ខ្លួន​ទៅដោយ​សុវត្ថិភាព​បាត់ទៅ ជាមួយនឹង​កាបូប​ដែល​នៅ​ក្នុងនោះ​មាន​ប្រា​ក់មាន​ចំនួន​៤​ពាន់ ដុល្លារ ។​

 

​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​រកឃើញ​សម្បក​គ្រាប់​ចំនួន​២ និង​ក្បាល​គ្រាប់​ចំនួន​១ នៅក្នុង​បន្ទប់​កញ្ចក់ ។ ភ្លាមៗ​នោះ នគរបាល​បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ ដើម្បី​ស្វែងរក​វត្ថុតាង​ស្រាវជ្រាវ​ចាប់ខ្លួន​ក្រុមចោរ ចំណែក​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នៅឡើយ ៕

20-1-2014

 

Leave a Reply

(*) Required, Your email will not be published