ក្រុងបាងកក ៖ យ៉ាងហោចណាស់មនុស្ស២៨នាក់បានរងរបួស ខណៈដែលមានការបំផ្ទុះគ្រាប់បែកមួយ នៅជិតកន្លែងជួបជុំតវ៉ានៅវិមានជ័យជម្នះ។ អគ្គលេខាក្រុមប្រឹក្សាសន្តិសុខជាតិលោកផារ៉ាដន ប៉ាតាណាតាប៊ុត បាននិយាយថា មានការប្រឈមខ្លាំងដែលថា ការបោះឆ្នោតជាមុនដែលគ្រោងធ្វើនៅថ្ងៃអាទិត្យក្រោយនិងនៅថ្ងៃ២ កុម្ភៈអាចមិនដំណើរការដោយរលូនទេ។ នេះបើយោងតាមគេហទំព័រ បាងកកប៉ុស្តិ៍ ដែលបានចុះផ្សាយកាលពីម្សិលមិញនេះ ។
លោកបាននិយាយថា អំពើហិង្សាត្រូវរំពឹងថានឹងកើនឡើងនៅមុនការបោះឆ្នោតមុន ក្នុងបំណងបំផ្លាញចោលការបោះឆ្នោតថ្ងៃ២កុម្ភៈ ។ ដូច្នេះរដ្ឋាភិបាលចាំផ្ទះបានត្រៀមប្រើច្បាប់គ្រាអាសន្ន ជាវិធានការសន្តិសុខតឹងរឹងឡើងក្រៅពីច្បាប់សន្តិសុខផ្ទៃក្នុងដែល ត្រូវបានប្រកាសប្រើនៅក្រុងបាងកកនិងតំបន់ជិតៗដើម្បីដោះស្រាយសភាពការណ៍។ បើសភាពការណ៍កាន់តែហិង្សាឡើង និងរាលដាលហួសពីការអាចគ្រប់គ្រងបាន រដ្ឋាភិបាលអាចពិចារណាចេញប្រើច្បាប់គ្រាអាសន្នសំរាប់ការគ្រប់គ្រង ប្រទេសក្នុងស្ថានភាពគ្រាអាសន្នមួយ។
ក្នុងពេលជាមួយគ្នា មេដឹកនាំការតវ៉ាប្រឆាំងលោកស៊ូថេប ធឿកស៊ីបាន បានប្រាប់អ្នកគាំទ្រថាការវាយប្រហារទាំងនេះនឹងគ្រាន់តែពង្រឹង ការតាំងចិត្តរបស់ពួកគេនិងថា យើងបានបាត់បង់មិត្តរួមការប្រឆាំងតវ៉ានេះ៣នាក់ តែយើងនឹងមិនបាត់បង់ថែមទៀតទេ។
ចំណែកវរ សេនីយ៍ វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យយោធា បាននិយាយថា មេទ័ព ឧត្តមសេនីយ៍ ប្រាយុទ្ធ ចានអូចា ព្រួយបារម្ភជាខ្លាំងអំពីសភាពការណ៍និងបានស្នើអោយមេប៉ូលិសជាតិ បង្កើនការស៊ើបអង្កេត៕