ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម ក្រោមស្នាដៃក្រុមឃាតករចិត្តព្រៃផ្សៃ ដោយកាត់ក្បាលនៅកណ្តាលវាលស្រែ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ខណៈដែលគេប្រទះឃើញសាកសពនេះកាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤ នៅចំណុចភូមិបឹងស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
សពជនរងគ្រោះដែលត្រូវក្រុមឃាតករចិត្តឃូរឃៅសម្លាប់នោះមានឈ្មោះ ខៀវ ប៉ន អាយុ៥៥ឆ្នាំ មានទីលំនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្អឺ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនឈានដល់ការសម្លាប់ដោយកាត់ក្បាលនេះ នៅវេលាយប់ថ្ងៃទី១៨ ខែមករា នៅក្នុងភូមិមានរៀបំពិធីបុណ្យដាលាន ហើយប្រជាពលរដ្ឋក៏បានចូលរួមក្នុងពិធីបុណ្យនេះយ៉ាងច្រើនផងដែរ ក្នុងនោះក៏មានជនរងគ្រោះនិងមានការផឹកស៊ីនៅកន្លែងបុណ្យ ហើយក៏បាត់ជនរងគ្រោះក្នុងយប់នោះទៅ តែក៏គ្មានអ្នកណាចាប់អារម្មណ៍ថា ជនរងគ្រោះទៅណានោះដែរ ។ លុះព្រឹកឡើងប្រជាពលរដ្ឋម្នាក់ឈ្មោះ ហេង អាយុ២៥ឆ្នាំ រស់នៅភូមិបឹងស្តុក បានដើររកជីកកណ្តៀរ ស្រាប់តែប្រទះឃើញសពបុរសរងគ្រោះក្នុងវាលស្រែក៏រាយការណ៍ជូន សមត្ថកិច្ចចុះមកត្រួតពិនិត្យតែម្តង ។
ប្រភពព័ត៌មានខ្សឹបខ្សៀវពីប្រជាពលរដ្ឋនៅក្នុងភូមិថា ជនរងគ្រោះគឺជាមនុស្សចេះអំពើអាបធ្មប់ និងធ្វើអំពើទៅលើគេឯងនៅក្នុងភូមិ ទើបអ្នកខ្លះកើតការក្តៅក្រហាយចងគំនុំជាមួយជនរងគ្រោះ ហើយឈានដល់ការកាប់សម្លាប់បែបនេះ ។ តែមជ្ឈដ្ឋានខ្លះក៏បានអះអាងថា ទោះជាយ៉ាងណាក្តីក៏មិនត្រូវប្រព្រឹត្តអំពើមនុស្សឃាតបែបនេះដែរព្រោះជាអំពើខុសនឹងច្បាប់ ។
ក្រោយកើតហេតុមន្ត្រីនគរបាលបច្ចេកទេសដែលបានចុះមកពិនិត្យសាកសពបានឲ្យដឹងថា នៅលើខ្លួនសាកសពមានស្នាមកាប់ត្រង់ស្មាស្តាំ២កន្លែង និងគន្លាក់ដៃឆ្វេងមួយកន្លែង ហើយក្បាលត្រូវកាត់ចេញពីដងខ្លួនបាត់ ។ សពជនរងគ្រោះក្រោយពីសមត្ថកិច្ចត្រួតពិនិត្យហើយបានប្រគល់ក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕