ឧកញ៉ា ប៊ុត ច​ន្ធូ លក់​គន្លង​ដាយ ៤​កន្លែង ក្នុងស្រុក​ពញាឮ ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​ប្រមូល​ត្រី យ៉ាង​អនាធិបតេយ្យ បំពាន​គោលការណ៍​ក្រសួងកសិកម្ម​

, , Leave a comment

​ខេត្តកណ្តាល ៖ ​ចាប់តាំងពី​ក្រោយ​ការរំសាយ​ឡូត៍​នេសាទ​ផ្អាក​មិន​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​ចាប់​ត្រី​តាមបែប​អនាធិបតេយ្យ​ដែល​នាំ​ឲ្យ​វិនាស​ហិនហោច​ធនធាន​មច្ឆជាតិ ស្រាប់តែ​ឧ​ក​ញ៉ា ប៊ុត ច​ន្ធូ ដែលជា​ដង្ខៅ​រកស៊ី​នាំចូល​ត្រី​ខុសច្បាប់​មកពី​ស្រុក​យួន និង​ជា​អ្នក​រត់ការ​ឡូត៍​នេសាទ​ដ៏​ជំនាញ បាន​ត្រូវ​ដៃ​ត្រូវ​ជើង​ជាមួយ​ជំនាញ​ជលផល​ខេត្តកណ្តាល របស់លោក ឃ្លាំង វ​ណ្ណ​​ធុល រៀបចំ​សំណើ​មកកាន់​រដ្ឋ​បាលជ​ល​ផល ដើម្បី​ស្នើសុំ​បង្កើត​ឡូត៍​គន្លង​ដាយ​ចំនួន​៤ តាម​ដង​ទន្លេសាបស្ថិតក្នុង​ស្រុក​ពញាឮ ខេត្តកណ្តាល រហូត​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចំ​ណា​រ​ឯកភាព​។ ហើយ​ឡូត៍​ទាំង​៤​កន្លែង​នេះ គឺជា​តំបន់​អភិរក្ស​សម្រាប់​ស្រាវជ្រាវ​ពិសោធន៍​ពូជ​ត្រី បែរជា​ឧកញ៉ា ប៊ុត ច​ន្ធូ ប្រមូល​លក់​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​ក្នុងនោះ​សូម្បីតែ​ត្រី​យកមក​ធ្វើ​​ប្រហុក​ក៏​ឈ្មួញ​លក់​ចេញ​ក្នុងតម្លៃ​ខ្ពស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ផល​លំបាក​យ៉ាងខ្លាំង ហើយ​គេ​មិន​ច្បាស់​ទេ​ថា តើ​ឧកញ៉ា ប៊ុត ច​ន្ធូ លក់​គន្លង​ដាយ​ទាំងនេះ​ក្នុងតម្លៃ​ប៉ុន្មាន​នោះទេ​។​

 

មានការ​បញ្ជាក់​ផងដែរ​ថា ដាយ​ចំនួន​៣ ត្រូវបាន​ឧកញ៉ា ប៊ុត ច​ន្ធូ លក់​ទៅ​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​តាមបែប​អនាធិបតេយ្យ​ដូចជា​ដាយ​លេខ​១១​អា លក់​ទៅ​ឲ្យ​ឈ្មោះ សុខ​ពៅ ហៅ​អ៊ុក ដាយ​លេខ​១១​បេ លក់​ទៅ​ឲ្យ​ឈ្មោះ សុខ ចំរើន ដែល​ត្រូវជា​កូន​របស់​តា​ឌឹ​ក ជា​ឈ្មួញ​ជនជាតិ​យួន ដាយ​លេខ​១១​បេ លក់​ឲ្យ​ឈ្មោះ សោម សឿន ចំណែក​ដាយ​លេខ​១៣ ដែលមាន​ឈ្មោះ ប៊ុត វណ្ណ​រី ជា​កូន​របស់​ឧកញ៉ា ប៊ុត ច​ន្ធូ គ្រប់គ្រង​ធ្វើ​អាជីវកម្ម បាន​លក់​ទៅ​ឲ្យ​ឈ្មោះ សឹម ម៉ាឡៃ ត្រូវជា​ប្រពន្ធ​របស់​តា​ស៊ី​។ ឈ្មួញ​ធំៗ​ដែល​ទិញ​គន្លង​ដាយ​ទាំង​៤​កន្លែង ពី​ឧកញ៉ា ប៊ុត ច​ន្ធូ កំពុង​ធ្វើ​អាជីវកម្ម​តាមបែប​អនាធិបតេយ្យ បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​ផ្ទុយ​ពី​នយោបាយ​កែទម្រង់​វិស័យ​ជលផល​របស់លោក ហ៊ុន សែន គេ​មិនដែល​ឃើញ​ជំនាញ​ជលផល​របស់លោក ឃ្លាំង វណ្ណ​ធុល ចុះទៅ​ត្រួតពិនិត្យ​ឬ​ទប់ស្កាត់​សកម្មភាព​ប្រើ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ក្នុងការ​ចាប់​ត្រី​។​

 

​មន្ត្រី​សាលាស្រុក​ពញាឮ​ម្នាក់​ក៏បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា​រឿង​ដែល​ឧកញ៉ា ប៊ុត ច​ន្ធូ យក​គន្លង​ដាយ​ទាំង ៤​កន្លែង​ដែល​សម្រាប់ធ្វើ​ការអភិរក្ស ស្រាវជ្រាវ​ពូជ​ត្រី​ទៅ​លក់​ឲ្យ​ក្រុម​ឈ្មួញ ជា​កា​រ​បំពាន​ទៅលើ​សេចក្តីណែនាំ​របស់​ក្រសួងកសិកម្ម ក៏ដូចជា​រដ្ឋបាល​ជល​ផល ព្រោះ​ក្រុម​ឈ្មួញ​កំពុងតែ​ធ្វើ​អាជីវកម្ម​បំផ្លិចបំផ្លាញ​ធនធាន​មច្ឆជាតិ ផ្ទុយ​ពី​គោលការណ៍​អភិរក្ស​ពូជ​ត្រី​។ ឧទាហរណ៍​ជាក់ស្តែង គ្រាន់តែ​ដាយ​លេខ ១៣​បេ ដែល​គ្រប់ គ្រង​ដោយ​ឈ្មោះ ប៊ុត វណ្ណ​រី លក់​ទៅ​ឲ្យ​ឈ្មោះ​សឹម ម៉ាឡៃ ចំណេញ​យ៉ាងតិច​ក៏​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​សម្រាប់​គន្លង​ដាយ​ទាំង ៣​កន្លែង​ទៀត ដែលមាន​តម្លៃ​ប្រហាក់ប្រហែលគ្នា​គឺ​ឧកញ៉ា ប៊ុត ច​ន្ធូ អាច​ប្រមូល​លុយ​ពី​ការលក់​គន្លង​ដាយ​បាន​ដល់​ទៅ​៤០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​រដូវ ដែល​តាមពិត​គន្លង​ដាយ​ទាំង​៤​កន្លែង​នេះ​ក្រសួងកសិកម្ម​បានសម្រេច​បង្កើតឡើង​សម្រាប់​ការអភិរក្ស និង​ស្រាវជ្រាវ​ពូជ​ត្រី មិនមែន​ទុក​ឲ្យ​ឧកញ៉ា ប៊ុត ច​ន្ធូ យកទៅលក់​ដូរ​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម តាមបែប​អនាធិបតេយ្យ​យ៉ាងនេះ​ទេ​។​

 

​គេ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ថា​តើ ប្រាក់​ដែល​ឧកញ៉ា ប៊ុត ច​ន្ធូ លក់​គន្លង​ដាយ​ឲ្យ​ឈ្មួញ​ជនជាតិ​យួន​ទាំង​៤​កន្លែង​នោះ ត្រូវបាន​បែងចែក​ឲ្យ​លោក ឃ្លាំង វណ្ណ​ធុល និង​លោក ណៅ ធួ​ក ប៉ុន្មាន​ម៉ឺន​ដុល្លារ ព្រោះ​ក្រុម​ឈ្មួញ​ដែល​ទិញ​គន្លង​ដាយ​ពី​លោក​ឧកញ៉ា ប៊ុត ច​ន្ធូ កំពុង​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​ចាប់​ត្រី​យ៉ាង​អនាធិបតេយ្យ ថែមទាំង​ជួល​សមត្ថកិច្ច​រារាំង​មិន​​ឲ្យ​ប្រជាពលរដ្ឋ​ចូល​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ផងដែរ​។ ការធ្វើ​អាជីវកម្ម លើ​គន្លង​ដាយ​ទាំង​៤​កន្លែង​នេះ តាមបែប​អនាធិបតេយ្យ​ក៏​ព្រោះតែ​ក្រុម​ឈ្មួញ​ខំ​សម្រុក​ប្រមូល​លុយ​ស្រ​ង់​ដើ​ម​​ថ្លៃ​ទិញ​គន្លង​ដាយ​ពី​ឧកញ៉ា ប៊ុត ច​ន្ធូ ព្រោះ​បើ​មិន​ព្យាយាម​ទេ ខ្លាច​ចាប់​ត្រី​មិនបាន​ខាត​ឡុងចុង ហើយ​សូម្បីតែ​ត្រី​ធ្វើ​ប្រហុក​ដែល​ឈ្មួញ​ទាំងនោះ​ប្រមូលបាន​ក៏​លក់​បែងចែក​ឲ្យ​ប្រ​ជា​ព​ល​រដ្ឋ​​ក្នុងតម្លៃ​ខ្ពស់ ហើយ​ពេលខ្លះ​ប្រជាពលរដ្ឋ​គ្មាន​ជម្រើស​ខ្លាច​គ្មាន​ត្រី​ធ្វើ​ប្រហុក ក៏​បិទ​ភ្នែក​ទិញ​ត្រី​ដែល​ឈ្មួញ​ទាំងនោះ​លក់​ក្នុងតម្លៃ​ខ្ពស់ ទោះបីជា​ទិញយក​មក​ធ្វើ​ប្រហុក​មិនសូវ​ចំណេញ​ក៏​ចេះតែ​ទ្រាំ វា​ប្រសើរ​ជាង​គ្មាន​ត្រី​ធ្វើ​ប្រហុក​ទុក​ទទួលទាន​។​

 

​គេ​ល្បី​ជា​យូរ​មកហើយ​ថា ឧកញ៉ា ប៊ុត ច​ន្ធូ គឺជា​មេ​ឈ្មួញ​ពូកែ​រត់ការ​ខាង​ផ្នែក​ឡូត៍​នេសាទ ក៏​ព្រោះតែ​ឧកញ៉ា ប៊ុត ច​ន្ធូ មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រធាន​រដ្ឋបាល​ជលផល​គឺ​លោក ណៅ ធួ​ក ជាពិសេស​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​គ្រប់​ជំនាន់​តាំងពី​សម័យ​លោក​ឈា សុង លោក ច័ន្ទ សារុន រហូតដល់​សម័យ​ដែល​លោក អ៊ុក រ៉ាប៊ុន ធ្វើជា​រដ្ឋមន្ត្រី ក៏​ឧកញ៉ា ប៊ុត ច​ន្ធូ មាន​សិ​ទ្ធិ​អំ​ណា​ច​​ធំធេង​ក្នុងការ​កាន់​ឯកសារ​រត់ការ​បង្កើត​គន្លង​ដាយ ឬ​សហគមន៍​នេសាទ នៅតាម​អតីត​តំបន់​ឡូត៍​នេសាទ​ដែល​ត្រូវបាន​រំសាយ ដើម្បី​លក់​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​តាមបែប​អនាធិបតេយ្យ​ហើយ​គេ​ចង់ឃើញ​មាន​ចំណាត់ការ​តាមច្បាប់​៕

Kandal_20-1-2014 (1)

Kandal_20-1-2014 

 

Leave a Reply

(*) Required, Your email will not be published