ប្រទេសថៃ ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ The Nation បានឲ្យដឹងថា មេដឹកនាំបាតុកម្មបិទក្រុងបាងកក លោកស៊ូថេប ធឿកស៊ូបាន កាលពីយប់ថ្ងៃពុធបានទទូចឲ្យអ្នកគាំទ្រធ្វើយ៉ាងណាធានាថាគ្រប់មន្ទីរក្រសួងនិងទីភ្នាក់ងាររដ្ឋដែលនៅដំណើរការ នឹងត្រូវបញ្ចប់សកម្មភាពនៅយ៉ាងយូរត្រឹមដំណាច់សប្តាហ៍នេះ និងថាលោកមានជំនឿថារដ្ឋាភិបាលចាំផ្ទះនឹងចុះចេញនៅមុនការបោះឆ្នោតថ្ងៃ២កុម្ភៈ ។
លោកបាននិយាយថា ប្រតិបត្តិការបិទក្រុងបាងកកបានផ្តល់ផលប៉ះពាល់ខ្លះនាពេលកន្លងមក ហើយបុគ្គិលិកមន្ត្រីរដ្ឋការកាន់តែច្រើនឡើងបានឈប់ធ្វើការហើយបែរ មកគាំទ្រ គណៈកម្មាធិការកំណែទំរង់លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន(PDRC )របស់លោក។ អតីតសមាជិកសភាគណបក្សប្រឆាំងរូបនេះបាននិយាយាថា រាល់មន្ទីរក្រសួងរដ្ឋនឹងត្រូវបិទនៅយ៉ាងយូរត្រឹមចុងសប្តាហ៍…បន្ទាប់ពីនោះ យើងនឹងធ្វើដំណើរទៅគ្រប់ផ្ទះរបស់រដ្ឋមន្ត្រី។ ពេលវេលារបស់ រដ្ឋាភិបាលនេះកាន់តែអស់ហើយយើងប្រាកដជាឈ្នះ ។
តែទោះជាយ៉ាងណា អគ្គលេខារបស់PDRC រូបនេះបានស្នើអោយអ្នកប្រឆាំងតវ៉ាកុំបិទអាកាសយានដ្ឋាន ឬផ្សារហ៊ុន និងបានឆ្លៀតវាយប្រហាររិះគន់សារព័ត៌មានខ្លះដែលលោកបានចោទប្រកាន់ ថាលម្អៀងទៅខាងរដ្ឋាភិបាល៕