រាជធានីភ្នំពេញ ៖ គ្រឿងស្រវឹងបានធ្វើឲ្យបុរសម្នាក់ មានចិត្តក្លាហានខុសទំនង គ្មានសីលធម៌ក្នុង បំពានទាំងដឹងខ្លួនខុស ខណៈដែលជិះរថយន្តជ្រុលទៅបុកគូទរថយន្តគេ ថែមទាំងបង្កជាជម្លោះថែមទៀតផង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវ តាមបណ្ដោយមហាវិថីម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តកាមរីស៊េរីចាស់មួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ 2A-3973 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ ម្នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងល្បឿនហើយរេពេញផ្លូវ មកដល់ចំណុចកើតហេតុបានជ្រុលទៅបុកពីក្រោយរថយន្តលុចស៊ីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-2068 ដែលកំពុងបើកបរស្របបណ្ដាលឲ្យរថយន្តលុចស៊ីសខ្ទេចគូទមួយចំហៀងផ្នែកខាងស្ដាំ ហើយរថយន្តកាមរី ក៏ព្យាយាមធ្វើដំណើរទៅមុខតែទៅមិនរួច ព្រោះដាច់កាឡេខាងមុខ ។
បន្ទាប់ពីកើតហេតុម្ចាស់រថយន្តកាមរី បានចុះពីរថយន្តក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ហើយបាននិយាយចោទ ប្រកាន់ថា ភាគីរថយន្តលុចស៊ីសជាអ្នកខុស បើកមកពាំងរថយន្តរបស់ខ្លួន ។ ការនិយាយដោះស្រាយគ្នារយៈពេលជាងមួយម៉ោង ទើបភាគីរថយន្តកាមរីព្រមសងជាទឹកប្រាក់២០ដុល្លារ ទៅភាគីរថយន្តលុចស៊ីស ប៉ុន្តែនៅតែមិនត្រូវគ្នា។ ដោយភាពមិនព្រមទទួលខុសត្រូវ សមត្ថកិច្ចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការនគរបាលខណ្ឌទួលគោក ដើម្បីដោះស្រាយតាមនីតិវិធី ៕