ខេត្តស្ទឹងត្រែង ៖ ជនជាតិឡាវ២នាក់ប្តីប្រពន្ធត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី ដែលបានលួចដឹកជញ្ជូនគ្រឿងញៀន ចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលខ្មែរ-ឡាវ ។ ការឃាត់ខ្លួននេះធ្វើកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិណាអូង ឃុំស្រែសម្បូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិឡាវដែលចាប់ឃាត់ខ្លួនមានឈ្មោះ ខាំ ផែងណយ ភេទប្រុស អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ សៃ ញ៉ាសេត អាយុ៣១ឆ្នាំ មានមុខរបរជាកសិករ និងមានទីលំនៅភូមិណាម៉ាកង៉ូ ស្រុកស៊ុយឃូម៉ា ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។ ដោយមានការសង្ស័យ និងតាមដានសមត្ថកិច្ចបានឃាត់ខ្លួន និងធ្វើការឆែកឆេរប្រទះឃើញ គ្រឿងញៀន ទម្ងន់ ៩៥៣.២ក្រាម។
ជនសង្ស័យទាំង២នាក់សារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនបាននាំគ្រឿងញៀនឆ្លងដែនពីភូមិរបស់គេក្នុងទឹកដីឡាវដើម្បី ចែកចាយឲ្យមនុស្សម្នាក់ទៀត តែមិនទាន់បានធ្វើការចែកចាយផង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ រួមនឹងម៉ូតូមួយគ្រឿង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (អាយ) ទម្ងន់ ៩៥៣.២ក្រាម ត្រូវកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធី៕