រាជធានីភ្នំពេញ ៖ នារីម្នាក់បានរងរបួសបែកមុខបែកមាត់សន្លប់ស្តូកស្តឹងនៅតាផ្លូវ ខណៈដែលកើតមានទំនាស់ពាក្យសម្តីគ្នាជាមួយបុរសជាសង្សារ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤នៅតាមផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះឈ្មោះ ពៅ អាយុជាង ២០ឆ្នាំ មុខរបរលក់បន្លែនៅផ្សារដើមគ បានជិះម៉ូតូមួយគ្រឿងម៉ាក FZ ពណ៌ខ្មៅ ជាមួយយុវជនម្នាក់ឈ្មោះ ក្ដី អាយុជាង ២០ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅម្តុំទួលគោក ត្រូវជាសង្សារនារីរងគ្រោះ។ ពួកគេបានជិះម៉ូតូឌុបគ្នាចូលទៅលេងកម្សាន្តក្នុងមជ្ឈមណ្ឌលកោះពេជ្រ ហើយបានប្រកែកគ្នាខ្លាំងៗតាមដងផ្លូវ បង្កការភ្ញាក់ផ្អើលតាំងពីកោះពេជ្រ រហូតដល់ចំណុចកើតហេតុខាងលើ ពួកគេបានឈប់ម៉ូតូឈ្លោះគ្នាបែកផ្សែង និងប្រតាយប្រតប់គ្នាយ៉ាងខ្លាំង ធ្វើឲ្យយុវជនជាសង្សារផ្ទុះកំហឹងវាយនារីជាសង្សាររបស់ខ្លួនបណ្តាលឲ្យរងរបួសបែកក្បាល និងផ្ទៃមុខ សន្លប់ស្តូកស្តឹង ហើយយុវជនបង្កបានជិះម៉ូតូគេចខ្លួនបាត់ ដោយទុកនារីរងគ្រោះនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននៅកន្លែងកើតហេតុហៅរថយន្តសាមុយមកដឹកនារីរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕