ប្រទេសថៃ ៖ ប្រភពពីគេទំព័រ ឆាណេលញូអេស៊ា បានរាយការណ៍មកថា ក្រុមបាតុករតវ៉ាប្រឆាំងរដ្ឋាភិបាលថៃដែលកំពុងកាន់កាប់កណ្តាលក្រុងបាងកកកាលពីថ្ងៃអង្គារបានគំរាមចាប់នាយករដ្ឋមន្ត្រីជាចំណាប់ខ្មាំង និងបិទរាល់ការិយាល័យរដ្ឋទាំងអស់ ក្នុងបំណងបង្ខំឲ្យលោកស្រី យីងឡាក់ ចុះចេញពីតំណែង ព្រមទាំងបានគំរាមថា នឹងចូលទៅចាប់ខ្លួននាយករដ្ឋមន្ត្រីចាំផ្ទះលោកស្រី ។ នេះយោងតាមប្រសាសន៍របស់មេដឹកនាំបាតុករដែលជាអតីតសមាជិកសភាខាងគណបក្សប្រឆាំង គឺលោក ស៊ូថេប ធឿកស៊ូបាន កាលពីថ្ងៃអង្គារម្សិលមិញ។
ពួកអ្នកប្រឆាំងតវ៉ា ដែលគាំទ្រដោយស្ថាប័នរាជានិយមនៃព្រះរាជាណាចក្រនេះ ចង់ឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែងដើម្បីបើកផ្លូវសម្រាប់បង្កើត ក្រុមប្រឹក្សាប្រជាជនដែលមិនឆ្លងកាត់ការបោះឆ្នោតមួយដែលនឹងត្រួត មើលកំណែទម្រង់ដើម្បីទប់ស្កាត់ឧត្តមភាពនយោបាយរបស់ត្រកូលស៊ីណាវ៉ាតរបស់លោកស្រី ។
ទោះជាយ៉ាងណាពួកអ្នកគាំទ្ររបស់លោកស្រីនិយាយថាការជួបជុំទាមទារនេះជាការគំរាម ដល់លទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយរបស់ប្រទេសនិងចង់ដោះស្រាយជម្លោះ នេះតាមរយៈការបោះឆ្នោតថ្ងៃ២កុម្ភៈខាងមុខតែក្រុមប្រឆាំងមិនចូលរួម ក្នុងការបោះឆ្នោតនេះនិងព្យាយាមបំផ្លាញវា ។
កាលពីថ្ងៃអង្គារដដែលនេះ លោកស្រី យីងឡាក់ ដែលជានាយករដ្ឋមន្ត្រីចាំផ្ទះ នៅតែប្រកាន់ជំហរដដែល ដើម្បីពិភាក្សាសំណើរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតស្តីពីការលើកពេល បោះឆ្នោតថ្ងៃ២កុម្ភៈ ។ ជាងនេះទៀតសោត លោកស្រីដែលក៏ជារដ្ឋមន្ត្រីការពារជាតិចាំផ្ទះ បាននិយាយថា ខ្ញុំនឹងបន្តអនុវត្តន៍ភារកិច្ចរបស់ខ្ញុំជានាយករដ្ឋមន្ត្រី មិនមែនដោយសារខ្ញុំក្រាញក្នុងអំណាចទេ ឬចង់រក្សាស្ថិរភាពនយោបាយទេ តែពីព្រោះវាជាភារកិច្ចរបស់ខ្ញុំដើម្បីការពារលទ្ធិប្រជាធិបតេយ្យដែលជារបស់ប្រជាជន ៕