សម្តេច​តេ​ជោ ហ៊ុន សែន ប្រតិកម្ម​ជា​លើកទីមួយ​អំពី​ការទាមទារ​ឡើង​ប្រាក់ខែ​របស់​កម្មករ និង​កម្ម​ការ​នី​

, , Leave a comment

​ខេត្តកណ្តាល ៖ ចំពោះមុខ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់​យ៉ុង ក្នុង​ពិធីបើកការដ្ឋាន​គម្រោង​សាងសង់​ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ ក្នុងស្រុក​កោះធំ ខេត្តកណ្តាល ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ការទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ រហូតដល់ ១៦០ ដុល្លារ នៅពេលនេះ គឺ​មិនអាច​ទៅរួច​ទេ​។ ការ​តម្លើង​ប្រាក់ខែ​កម្មករ ត្រូវធ្វើ​ទៅតាម​លទ្ធភាព ហើយ​កម្ពុជា បើ​ធៀប​នឹង​ឥណ្ឌា និង​បង់​ក្លា​ដេ​ស គឺ​ប្រាក់ខែ​កម្មករ​កម្ពុជា ឡើង​ខ្ពស់ជាង​។​

 

​សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា សូម្បីតែ​នៅ​វៀតណាម កម្មករ​រោងចក្រ មាន​ប្រាក់ខែ​ជា​មធ្យម​តែ​ជាង ២ លាន​ដុង ដែល​ស្មើ​ប្រមាណ ១០០ ដុល្លារ​អាមេរិក​។ ចំណែក​ប្រាក់ខែ​កម្មករ​កម្ពុជា​យើង​សព្វថ្ងៃ ទទួលបាន ១០០ ដុល្លារ គឺ​ច្រើនជាង​ឥណ្ឌា និង​បង់​ក្លា​ដេ​ស​។​

 

​សម្តេច ហ៊ុន សែន បន្តថា យើង​នឹង​ឡើង​ប្រាក់ខែ​កម្មករ​រោងចក្រ តទៅទៀត តែ​មិនមែន​ឡើង​គំហុក តាម​ការទាមទារ ដល់ ១៦០ ដុល្លារ​នោះទេ​។ ការឡើង​ប្រាក់ខែ​កម្មករ​ដូច្នេះ មិនអាច​ទៅរួច​ទេ​។ ការ​តម្លើង​ប្រាក់ខែ​កម្មករ គឺ​អាស្រ័យ​តាម​លទ្ធភាព​។​

 

ជាមួយគ្នា​នោះ សម្តេច​ហ៊ុនសែន ក៏បាន​ថ្លែង​បញ្ឆិតបញ្ឆៀង​លើ​មេបក្ស​ប្រឆាំង ដែល​តវ៉ា​ទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ រហូតដល់ ១៦០ ដុល្លារ តែ​អ្នកបើកបរ តៃកុង​ឡាន​របស់ខ្លួន​វិញ ឲ្យ​ប្រាក់ខែ​ត្រឹមតែ ៦០ ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយខែ​។​

 

​ជាការ​កត់សម្គាល់ ក្រសួង​ការងារ បានប្រកាស​សម្រេច​ថា ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ នឹងត្រូវ​តម្លើង​ពី ៨០ ដុល្លារ នៅពេល​សព្វថ្ងៃ ទៅដល់ ១០០ ដុល្លារ​។ ការ​តម្លើង​ប្រាក់ខែ​កម្មករ​រោងចក្រ​នេះ នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៤​។​

 

​ប៉ុន្តែ​សហជីព​កម្មករ​មួយចំនួន រួមទាំង​គណបក្សប្រឆាំង បានធ្វើ​បាតុកម្ម ទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​រោងចក្រ រហូតដល់ ១៦០ ដុល្លារ​។ ការតវ៉ា​បានធ្វើ​ឡើង ចាប់តាំងពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៣ រហូតដល់​ថ្ងៃទី​២ និង​ថ្ងៃទី​៣​មករា ឆ្នាំ​២០១៤ ក៏មាន​ការបង្ក្រាប​យ៉ាងធ្ងន់ធ្ងរ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៤ នាក់ ស្លាប់ របួស​ជាង ៤០ នាក់ និង​ចាប់ឃុំខ្លួន​បាតុករ ២៣ នាក់​។ ក្នុងនោះ ទ្រព្យសម្បត្តិ​រោងចក្រ និង​ទ្រព្យសម្បត្តិ​ឯកជន​ជាច្រើន ត្រូវបាន​បំផ្លាញ​។ រីឯ​មេបក្ស​ប្រឆាំង និង​មេដឹកនាំ​សហជីព​កម្មករ​មួយចំនួន ជាប់​បណ្តឹង​នៅ​តុលាការ ក្នុង​រឿង​ញុះញង់​កម្មករ ធ្វើបាតុកម្ម​តវ៉ា​នេះ​។​

 

​បាតុកម្ម​របស់​កម្មក​រ​ក្នុង​រយៈពេល ២ សប្តាហ៍​នោះ ត្រូវបាន​ថៅកែ​រោងចក្រ ប៉ាន់​ស្មានថា ថៅកែ​ខាង​បង់ទ្រព្យ​សម្បត្តិ​ប្រមាណ ៧០ លាន​ដុល្លារ និង​ខាតបង់​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ ប្រមាណ ២០០ លាន​ដុល្លារ​ផ្សេងទៀត​៕

14-1-2014

 

Leave a Reply

(*) Required, Your email will not be published