ប្រទេសស្វីស ៖ កីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានបញ្ចប់ភាពលេចធ្លោរយៈពេល ៤ ឆ្នាំរបស់កីឡាករ លីអូនែល ម៉េសស៊ី (Lionel Messi) នៅពេលកីឡាកររូបនេះត្រូវបានប្រគល់ពានរង្វាន់បាល់មាស បាឡុន ឌ័រ របស់ហ្វីហ្វាឆ្នាំ ២០១៣ (2013 FIFA Ballon d'Or) ក្នុងទីក្រុងហ្ស៊ូរីច ប្រទេសស្វីស កាលពីថ្ងៃចន្ទទី ១៣ ខែមករា ម្សិលមិញនេះ។
តារាបាល់ទាត់ព័រទុយហ្គាល់ និងរបស់ក្លឹប Real Madrid វ័យ ២៨ ឆ្នាំពោរពេញដោយទឹកភ្នែករលីងរលោង ដែលបានឈ្នះពានរង្វាន់នេះម្តងក្នុងឆ្នាំ ២០០៨ បានក្លាយជាបេក្ខភាពបម្រុងនឹងឈ្នះពានរង្វាន់នេះយ៉ាងលើសលុប ដើម្បីផ្តួលកំពូលកីឡាកររបស់ Barcelona និង អាហ្សង់ទីន ម៉េសស៊ី ដែលជាជ័យលាភីសម្រាប់រយៈពេលបួនឆ្នាំមុនជាប់ៗគ្នា និង កីឡាករហ្វ្រង់ រីបឺរី (Franck Ribery) របស់បារាំង ដែលដណ្តើមបានពានរង្វាន់បីជាមួយក្លឹប Bayern Munich ក្នុងឆ្នាំ ២០១៣។
យោងតាមសហព័ន្ធបាល់ទាត់បារាំង ដែលជាសហអ្នករៀបចំនៃពិធីប្រគល់រង្វាន់នេះជាមួយនឹង FIFA រ៉ូណាល់ដូបានឈ្នះជាមួយនឹងសម្លេងឆ្នោត ២៧,៩៩ % នាំមុនម៉េសស៊ី (២៤,៧២%) ខណៈរីបឺរីឈរលំដាប់លេខបី (២៣,៣៦%)។
រ៉ូណាល់ដូ បាននិយាយថា "គ្មានពាក្យអ្វីដើម្បីពណ៌នាថាតើខ្ញុំមានអារម្មណ៍បែបណានោះទេ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់។ ខ្ញុំចង់អរគុណមិត្តរួមក្រុមរបស់ខ្ញុំ គ្រួសារខ្ញុំទាំងអស់ក្នុងបន្ទប់។ អ្នកដែលស្គាល់ខ្ញុំ និងដឹងពីថាខ្ញុំបានលះបង់ច្រើនប៉ុនណាដើម្បីឈ្នះពានរង្វាន់នេះ" ។
"ខ្ញុំចង់អរគុណអ្នកដែលមានជំនឿចិត្តលើខ្ញុំទាំងអស់ ហើយខ្ញុំចង់និយាយម្តងទៀតអំពី (វីរៈបុរសព័រទុយហ្គាល់ទើបស្លាប់ទៅថ្មីៗនេះ) លោក យូសេប៊ីអូ (Eusebio) និង (អតីតប្រធានាធិបតីអាហ្វ្រិចខាងត្បូងទើបស្លាប់ទៅថ្មីៗនេះ) លោកម៉ាឌីបា (នែលសុន ម៉ង់ដេឡា) និង សូមសម្តែងការគោរពចំពោះពួកគេជាលើកចុងក្រោយ"។
"គ្មានអ្វី សង្ស័យនោះទេ ខ្ញុំសក្តិសមនឹងទទួលបានពានរង្វាន់នេះ ម៉េសស៊ី និងរីបឺរីក៏សក្តិសមនឹងទទួលបានវាដែរ។ លើកនេះគឺខុសគ្នា។ ប៉ុន្តែខ្ញុំសូមនិយាយថា ពានរង្វាន់ Ballon d'Or លើកទីពីរនេះគឺមានភាពរំជើបរំជួលជាង ព្រោះម្តាយខ្ញុំ និងកូនប្រុសខ្ញុំ (ដែលចូលរួមជាមួយខ្លួននៅលើឆាក) បានស្ថិតនៅទីនេះដែរ"៕