រាជធានីភ្នំពេញ ៖ នៅម៉ោង ៩ ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ដូចការគ្រោងទុកអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងលោករ៉ុងឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចូលបំភ្លឺតុលាការ សាលាដំបូងរាជធានីភ្នំពេញ ជុំវិញសំណុំរឿងពីបទ ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ជាការចោទប្រកាន់ ដោយសារតែប្រមុខបក្សប្រឆាំង ដឹកនាំធ្វើបាតុកម្មកន្លងមក។
វត្តមានរបស់លោកកឹមសុខា នៅតុលាការពេលនេះ មិនមានលោកសមរង្ស៊ី ចូលបំភ្លឺតុលាការរួមគ្នាទេ។ ប៉ុន្តែនៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ មានសកម្មជនអ្នកគាំទ្រជាច្រើននាក់ បានលើកបដា ស្រែកទាមទារយុត្តិធម៌ និងគាំទ្រលោកកឹមសុខា។ កំណាត់ផ្លូវនៅមុខតុលាការ ជាប់ស្តាតអូឡាំពិក នៅព្រឹកនេះ ត្រូវបានបិទចរាចរណ៍ ជំនួសដោយក្រុមអ្នកគាំទ្រ និងកងកម្លាំងសមត្ថកិច្ច។ តែមិនមានអំពើហិង្សា ឬក៏បណ្ថេញក្រុមអ្នកតវ៉ា ចេញពីមុខតុលាការទេ។
ជាមួយគ្នានោះ គេក៏បានឃើញវត្តមានរបស់ក្រុមសកម្មជនសិទ្ធិមនុស្សជាតិ និងអន្តរជាតិជាច្រើនរូប ឈរនៅត្រៀបត្រា ចូលរួមសង្កេតការណ៍ និងតាមមើលដំណើរការចូលតុលាការរបស់មេបក្សប្រឆាំងផងដែរ។ ប៉ុន្តែនៅព្រឹកនេះ គេមិនឃើញវត្តមានរបស់លោក ស៊ូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា នៅមុខតុលាការ ក្នុងពេលលោកកឹមសុខា ចូលបំភ្លឺតុលាការទេ។
ជាការកត់សម្គាល់ ក្នុងពេលលោកកឹមសុខា ចូលបំភ្លឺតុលាការ គឺលោករ៉ុងឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចេញពីតុលាការ អមដោយមេធាវី ៥ រូប។ លោករ៉ុងឈុន ដែលជាប់ចោទ ពីបទចោទប្រកាន់ដូចគ្នា នឹងមេដឹកនាគណបក្សប្រឆាំង គឺបទ ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ជាការចោទប្រកាន់ ដោយសារតែប្រមុខបក្សប្រឆាំង ដឹកនាំធ្វើបាតុកម្មកន្លងមក៕