រាជធានីភ្នំពេញ ៖ ស្នូរកាំភ្លើងបានលាន់ឡើង ខណៈដែលចោរមួយក្រុមបានបាញ់ប្លន់ម៉ូតូរបស់សមត្ថកិច្ច ពេលដែលមន្ត្រីអាវុធហត្ថរូបនោះជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះ ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីព្រលឹម ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងភូមិ-សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ អ៊ុំ រតនា ភេទប្រុស អាយុ៤៦ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រងរបួសត្រូវគ្រាប់កាំភ្លើងត្រកៀកខាងឆ្វេងបៀមគ្រាប់ និងបួសមុខផ្នែកខាងឆ្វេង ដោយជនសង្ស័យវាយនឹងស្នាប់កាំភ្លើង ។ ចំណែកជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿងមិនចាំស្លាកលេខ មានអាយុជាង២០ឆ្នាំ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CB-6032 ចេញពីធ្វើការនៅក្លឹបកាសា ត្រឡប់មកផ្ទះដោយ ធ្វើដំណើរតាមផ្លូវ២០០៤ ។ ពេលមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យ៣នាក់ជិះម៉ូតូដេញតាម គាត់ពីក្រោយឲ្យគាត់ឈប់រួចជនសង្ស័យម្នាក់បានដកកាំភ្លើងពីចង្កេះម៉ាកកា៥៤បាញ់មួយ គ្រាប់ចំត្រកៀកខាងឆ្វេងរបស់គាត់ ។ ពេលគាត់ក៏ដួលម៉ូតូរួចជនសង្ស័យបានវាយគាត់ចំមុខមួយស្នាប់កាំភ្លើងទៀត ហើយក្រុមជនសង្ស័យក៏បានយកម៉ូតូរបស់គាត់ជិះគេចខ្លួនបាត់ស្រមោល ។
គួររម្លឹកថា កាលពីសប្តាហ៍មុនមានករណីភ្ជង់ប្លន់យកម៉ូតូ CBR មួយគ្រឿងពីជនរងគ្រោះបានសម្រេចនៅលើកំណាត់ផ្លូវ ក្នុងតំបន់ដដែល ហើយសមត្ថកិច្ចមិនទាន់ស្រាវជ្រាវរកជនសង្ស័យឃើញនៅឡើយទេ រហូតដល់ពេលនេះមានករណីបាញ់យកម៉ូតូជនរងគ្រោះខាងលើទៀត ដោយក្រុមចោរតែងតែពួនស្នាក់ចាំប្លន់នៅកន្លែងដដែលៗ ។ សមត្ថកិច្ចមូលដ្ឋានហាក់បីដូចជាព្រងើយកន្តើយក្នុងការបង្ក្រាប និងការល្បាតក្នុងមូលដ្ឋានរបស់ខ្លួនដែលបណ្តាលឲ្យកើតមានក្រុមចោរប្លន់យ៉ាងសាហាវនេះកើតមានក្នុងសង្កាត់ទឹកថ្លានេះតែម្តង៕