រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ នេះ សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីវៀតណាមលោក ង្វៀន តាន់យ៉ុន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការមន្ទីរពេទ្យជោរៃ-ភ្នំពេញ ដែលមានទីតាំងស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ របស់លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យ៉ុង នឹងអញ្ជើញចូលរួមក្នុងកម្មវិធីមួយចំនួនរួមមានសន្និសីទលើកទី៤ ស្តីពីការជំរុញវិនិយោគទុនរវាងកម្ពុជា-វៀតណាម ពិធីសម្ពោធសាខាមន្ទីរពេទ្យជោរៃ នៅភ្នំពេញ និងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានជ្រៃធំ-ឡុងប៊ិញ។
អំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក ង្វៀន តាន់យ៉ុង នឹងចូលបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជួបសម្តែងការគួរសមជាមួយសម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជួបពិភាក្សាផ្លូវការជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចំណែក នៅថ្ងៃទី១៤ ខែមករា លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យ៉ុង និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ស្ពានជ្រៃធំ-ឡុងប៊ិញ ក្នុងខេត្តកណ្តាល នៅព្រំដែនកម្ពុជា-វៀតណាម៕