រាជធានីភ្នំពេញ ៖ ភាពអួតក្អេងក្អាង បានធ្វើឲ្យតបុរសម្នាក់បញ្ចេញឫកពារក្រអើតក្រទោម និងប្រើអំណាចរបស់ខ្លួនទៅសម្លុតបុរសម្នាក់ទៀត ទាំងបំពានដែលខ្លួនខុសទាំងស្រុង ខណៈដែលបុក ហើយកៀររថយន្តជនរងគ្រោះ ទាំងកម្រោលនោះ ។ ហេតុការណ៍ដែលភ្នែកមហាជនសម្លឹងមើល ហើយរិះគន់នោះបានកើតឡើងកាលពីម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅខាងជើងស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សម្រង់សម្តីរបស់ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើបុរសម្នាក់និងភរិយា ព្រមទាំងកូនតូចៗ ៣នាក់ បានចេញពីហូបបាយពេលព្រឹក នៅក្នុងហាងមួយកន្លែង នៅក្បែរនោះដោយធ្វើដំណើរមកបើកទ្វាររថយន្តរបស់ខ្លួន ម៉ាកហាយឡែនឌឺ ពណ៌ស ពាក់ស្លាកលេខ 2Q-6901 ដែលចតនៅតាមចិញ្ចើមផ្លូវ ខាងស្តាំដៃ ។ ខណៈនោះស្រាប់តែបុរសទំនើងបើករថយន្តម៉ាកកាម៉ារីឆ្លាម ពណ៌ទឹកប្រាក់ នៅលើរថយន្តខាងមុខមានស្លាកអ.ហ និងពាក់ស្លាកលេខភ្នំពេញ2L-7756 យ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ហើយបានប្រជែងរថយន្តមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរនៅពីខាងមុខក៏ជ្រុលទៅ បុកជនរងគ្រោះចំដៃម្ខាងបណ្តាលឲ្យកញ្ចក់រថយន្តខាងស្តាំរបស់បុរសទំនើងរូបនេះដាច់ធ្លាក់មកក្រោម ។
ភ្លាមៗនោះបុរសទំនើងបានឈប់រថយន្តដោយកំហឹង ប្រើអំណាចរបស់ខ្លួននេះទៅសម្លុតទារលុយទាំងខុសនេះ ចំនួន៣៥ដុល្លារទៅវិញ ធ្វើឲ្យប្រជាពលរដ្ឋ និងជនរងគ្រោះមានឫកពារស្លូតបូតមានការ ហួសចិត្តគ្រប់ៗគ្នា ។ ដោយមិនចង់នាំរឿងវែងឆ្ងាយ បើទោះបីដឹងថា ខ្លួនឯងមិនខុសនោះជនរងគ្រោះជាម្ចាស់រថយន្តហាយឡែនឌឺបានសុំសងត្រឹម១០ដុល្លារ ដើម្បីបញ្ចប់រឿងតែបុរសទំនើងរូបនេះ មិនព្រមដោយនៅតែទាមទារ ៣៥ ដុល្លារដដែល ។
ដោយឃើញសភាពទើសភ្នែកប្រជាពលរដ្ឋបានជួយសម្របសម្រួល តែបុរសទំនើងរូបនេះនៅតែមិនព្រម ហើយថែមទាំងទូរស័ព្ទស្វែករកអន្តរាគមន៍ពីសាច់ញាតិបងប្អូនទៀតផង ។ មួយសន្ទុះក្រោយមក មានមន្ត្រីនគរបាលម្នាក់មិនដឹងធ្វើការនៅអង្គភាពណា ចុះមកសម្របសម្រួលដោយឲ្យបុរសទំនើងរូបនោះយកលុយ១៥ដុល្លារ ហើយបញ្ចប់រឿងតែម្តងទៅ ៕