ខេត្តសៀមរាប ៖ សកម្មភាពដឹកជញ្ជូនលើសទម្ងន់ បាននឹងកំពុងបំផ្លាញផ្លូវជាច្រើនខ្សែ ក្នុងខេត្តសៀមរាបតែផ្ទុយទៅវីញប្រធានមន្ទីរសាធារណការខេត្ត សៀមរាបលោក គឹម ប៊ុណ្ណាបែជាមានជីវភាពធូធាទៅវីញ មន្ត្រីមួយចំនួនដែលមិនសប្បាយចិត្តបានបង្ហើបឲ្យដឹងថា ក្រោមការដឹកនាំរបស់លោក គឹម ប៊ុណ្ណា គឺអន់ជាង សុខ ស៊ុនលីម ឆ្ងាយណាស់ ដែលទាមទារឲ្យលោក ត្រាំ អ៊ីវ តឹក ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមេត្តាពិនិត្យមើលឡើងវិញផង។
នៅក្នុងខេត្តសៀមរាប លោក គឹម ប៊ុណ្ណា បង្កើតស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្ត២កន្លែង គឺចំណុចទី១ ស្ថិតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង នៅតាមបណ្តោយផ្លូវជាតិលេខ៦ ហើយទី២ នៅចំណុចឃុំល្វា នៃស្រុកពួក គឺជញ្ជីងថ្លឹងរថយន្តទាំង ២កន្លែងនេះ មាននៅតាមច្រកចេញចូល ខេត្តសៀមរាប ដើម្បីត្រួតពិនិត្យការ ដឹកជញ្ជូនលើសទម្ងន់។ តែផ្លូវគមនាគមន៍ភាគច្រើនក្នុងខេត្តសៀមរាបមានសភាព យ៉ាប់យ៉ឺនខ្លាំងជាងគេ ខូចខាតជាច្រើនកន្លែង ពិបាកក្នុងការធ្វើដំណើរ។
គេឃើញមន្ទីរសាធារណការរបស់លោក គឹម ប៊ុណ្ណា បានលើកគម្រោងសម្រាប់ជួសជុលផ្លូវ ដូចជាការចាក់បំពេញ សំបុកមាន់ជាដើម គឺធ្វើគ្រាន់តែល្អមើលប៉ុណ្ណោះ ហើយមានការបំប៉ោង គម្រោងយកថវិកាជាតិ ទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួន។ តែផ្លូវនៅក្នុងទីរួមខេត្ត ដូចជាផ្លូវ ៧មករា ផ្លូវចុងកៅស៊ូ និងផ្លូវលោកតាណឺយក៏ខូចខាត ដោយសាររថយន្តដឹកជញ្ជូន លើសទម្ងន់បើកបរឆ្លងកាត់ ទាំងយប់ទាំងថ្ងៃ មិនដែលមានការហាមឃាត់នោះទេ។
ជារៀងរាល់ថ្ងៃរថយន្តយីឌុប ដឹកថ្ម ខ្សាច់ ក្រួស របស់ឈ្មួញធំៗ បានបើកបរឆ្លងកាត់ចំណុច ជញ្ជីងថ្លឹងរថយន្តរបស់លោក គឹម ប៊ុណ្ណា រាប់រយគ្រឿង គេមិនដែលឃើញរថយន្តទាំងនោះ ត្រូវបានហាមឃាត់ ឬផាកពិន័យនោះទេ ព្រោះថាថៅកែរថយន្ត ដឹកលើសទម្ងន់ទាំងនោះ មានទំនាក់ទំនងល្អជាមួយលោក គឹម ប៊ុណ្ណា ទើបឡាន ដឹកខ្សាច់ក្រួស ថ្ម ទាំងនោះអាចធ្វើអ្វីៗ តាមតែអំពើចិត្ត ទោះជាហូរខ្សាច់ ធ្លាក់ថ្មរាយប៉ាយពេញផ្លូវ ក៏គេមិនដែលឃើញ មន្ត្រីសាធារណការទាំងនោះ ឈឺក្បាលវិលមុខម្តងណាឡើយ។
សម្រាប់ឈ្មួញថ្មីៗ ដែលទើបស្គាល់គ្នា ឬមិនសូវស្គាល់ចិត្តស្គាល់ថ្លើម លោក គឹម ប៊ុណ្ណា ច្បាស់ជាត្រូវក្រុមជញ្ជីងថ្លឹងរថយន្ត បង្កបញ្ហាចាប់ផាកពិន័យ ជាប្រាក់ចាប់ពី ២លាន ដល់៥ លានរៀលជាមិនខាន។ ចំពោះប្រជាពលរដ្ឋដែល ដឹកជញ្ជូនផលកសិកម្ម ឆ្លងកាត់ជញ្ជីងថ្លឹងរថយន្ត ដែលផ្ទុកមិនលើសទម្ងន់ក៏ត្រូវ ជាប់កាតព្វកិច្ចចូលបង់លុយ ជូនក្រុមជញ្ជីងថ្លឹងរថយន្តផងដែរ គឺចាប់ពី ២ម៉ឺនរៀលដល់៥ ម៉ឺនរៀល ដែលគេអះអាងថាជាសេវាថ្លៃបាយ បង្កើតឲ្យមានប្រតិកម្មតវ៉ា ធ្លាប់ឈ្លោះប្រកែកគ្នា ជាញឹកញាប់ទៀតផង។
ប៉ុន្តែសម្រាប់រថយន្តដឹកឈើ លើសទម្ងន់របស់ក្រុមឈ្មួញជាច្រើន ជាពិសេសប្រភេទឈើគ្រញូង និងឈើប្រណីត គេសង្កេតឃើញមានអ្នករត់ការ យកលុយទៅបង់ឲ្យក្រុមជញ្ជីងថ្លឹងរថយន្ត ឬជូនដំណឹងជាមុន ដើម្បីកុំឲ្យមានបញ្ហា ព្រោះក្រុមជញ្ជីងថ្លឹងរថយន្តរបស់លោក គឹម ប៊ុណ្ណា បើដឹងថាមានការដឹកជញ្ជូនឈើខុសច្បាប់ គេកោសរូសបង្ខំឲ្យបង់ប្រាក់ ក្នុងកម្រិតខ្ពស់ ៕