ខេត្តបន្ទាយមានជ័យ ៖ ក្រោយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដែលត្រូវដុសក្អែល និងព្យាបាលដោយកាត់សាច់ដែលមានដំបៅមហារីកនោះលោក អុក កែវរតនៈ អតីតជានាយករងខុទ្ទកាលយ័សាលាខេត្តបន្ទាយមានជ័យ ត្រូវបានតុលាការចោទប្រកាន់ពីបទក្លែងបន្លំលិខិតសាធារណៈ ក្នុងសម័យដែលលោកមានអំណាចជាជំនួយផ្ទាល់របស់លោក អ៊ុង អឿន ដែលអតីតអភិបាលខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ។
ជាមួយនឹងការឃាត់ខ្លួនលោក អុក កែវរតនៈ នៅមានជនជាច្រើនរូបទៀតដែលគេនិយាយតៗគ្នាថា មានចំនួន៧នាក់ ដែលឋិតនៅក្នុងបញ្ជីខ្មៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ ហើយកន្លងមកអង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅជនដែលជាប់ពាក់ព័ន្ធអំពើពុករលួយនៅ ខេត្តបន្ទាយមានជ័យចំនួន២ដងដោយលើកចុងក្រោយនៅចុងខែធ្នូ ២០១៣ បានកោះហៅលោក អុក កែវ រតនៈ លោក ឃូ ពៅ អភិបាលស្រុកស្វាយចេក លោក សោម សុខេន ជាអតីតនាយកទីចាត់ការអន្តរវិស័យសាលាខេត្តបន្ទាយមានជ័យ ហើយកាលរសៀលថ្ងៃទី៩ និងថ្ងៃទី១០ នេះ ខេត្តបន្ទាយមានជ័យបានល្បីសុះសាយថា អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនមន្ត្រីសាលាខេត្ត២នាក់ នៅក្នុងនោះមានលោក អុក កែវរតនៈ លោក សោម សុភេន តែប្រភពច្បាស់ការ គឺឃាត់ និងបញ្ជូនខ្លួនលោក អុកកែវរតនៈ តែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា មន្ត្រីសុរិយោដីចំនួន៩ខេត្ត នៃប៉ែកពាយ័ព្យត្រូវបានប្រជុំ និងពង្រឹងនៅខេត្តបន្ទាយមានជ័យលើសេវាសាធារណៈដែលក្នុងនោះការប្រជុំក៏ផ្ដោតទៅលើមិនឲ្យយកកម្រៃសេវាសាធារណៈដែលខុសពីច្បាប់ចែងនាំឲ្យជាប់ពាក់ព័ន្ធ និងអំពើពុករលួយមិនតែតែប៉ុណ្ណោះ អភិបាលខេត្តបន្ទាយមានជ័យថ្មីគ្រប់កិច្ចប្រជុំជាមួយនឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តែងក្រើនរម្លឹកដល់មន្ត្រីទាំងអស់កុំប្រព្រឹត្តអំពើពុករលួយឬប្រព្រឹត្ត អំពើដែលប្រាសចាកពីច្បាប់៕