រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលខណ្ឌសែនសុខ និងមន្ត្រីយោធាត្រែទ័ពម្នាក់ទាស់ពាក្យសម្តីគ្នាខ្លាំងក្លារៀងៗខ្លួនយកស្បែកអួតដាក់គ្នា អាងស័កិ្តអំណាច ធ្វើឲ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាក់នៅភូមិគោក ឃ្លាក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បាននាំគ្នាចោមរោមមើល នៅម៉ោង៩យប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ប៉ុន្តែស្ថានការមួយនេះត្រូវបានបញ្ចប់ទៅវិញ ដោយការសម្របសម្រួលនិងអន្តរាគមន៍ ពីកម្លាំងប្រដាប់អាវុធ នគរបាលខណ្ឌ ។
ប្រជាពលរដ្ឋបានប្រាប់ថា បើគ្មានការសម្របសម្រួលដោយកម្លាំងសមត្ថកិច្ចទេនោះ ការប៉ះទង្គិចកាន់តែខ្លាំង និងផ្ទុះកើតឡើង ជាក់ជាពុំខាន ។ តែយ៉ាងណាក៏ដោយ រឿងនេះមិនមានការប្រើ អំពើហិង្សា ឬប្រឈមដាក់គ្នានោះឡើយ ទោះបីជាពលរដ្ឋនៅក្បែរនោះ មានអារម្មណ៍ភិតភ័យក៏ដោយ ។
ប្រភពខ្សឹបខ្សៀវពីអ្នកបានឃើញហេតុការណ៍និយាយថា ដើមហេតុដំបូងគឺមកពីមន្ត្រីយោធាត្រែទ័ព បើកម៉ូតូក្នុងល្បឿនលឿន គ្រានោះស្រាប់តែប្រជាពលរដ្ឋ និងមន្ត្រីនគរបាលចរាចរ ខណ្ឌសែនសុខស្រែកថាឲ្យកុំបើកលឿននាំមានគ្រោះថ្នាក់ ។ បន្ទាប់មកមន្ត្រីយោធាត្រែទ័ពនោះ បានបើកម៉ូតូត្រឡប់មកវិញ រួចក៏រករឿង ខណៈដែលមន្ត្រីយោធានោះស្រវឹងស្រា នេះបើតាមការអះអាងពីសមត្ថកិច្ច ។ ប្រជាពលរដ្ឋបានលោកឡើងនៅក្នុងហេតុការភ្ញាក់ផ្អើលនោះ គេបានឃើញមន្ត្រីយោធា បានស្រែកគំរាមដោយការប្រើកាំភ្លើង ប៉ុន្តែពេលសមត្ថកិច្ច មកដល់គឺមិនបានឃើញដូចការចោទឡើយ ។
ប្រជាពលរដ្ឋនៅភូមិគោកឃ្លាង ម្តុំវត្តសំរោងអណ្តែត បានទទូចដល់សមត្ថកិច្ច សុំឲ្យពង្រឹងសន្តិសុខឲ្យល្អប្រសើរផងខណៈដែលលំនៅដ្ឋានពលរដ្ឋខ្លះ ត្រូវជនល្មើស ចូលលួចម៉ូតូដោយគ្មានខ្លាចសមត្ថកិច្ចជាពិសេសបញ្ហាក្មេងទំនើងគឺសម្បូបំផុត៕