រាជធានីភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុកក្រណាត់មួយកន្លែងនៅផ្លូវបេតុង ខាងក្រោយសាលាបឯមសិក្សា (ក្រោយក្រុមហ៊ុនម៉ូតូហុងដា) គោកបញ្ជន់ នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១១ និង ៤៥នាទីថ្ងៃត្រង់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤។
បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលនេះភ្លើងបាននិងកំពុងតែឆាបឆេះឃ្លាំងស្តុកក្រណាត់ទាំងស្រុង ហើយបានកំពុងតែរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋ និងផ្ទះជួលនៅកន្លែងកើតហេតុមានចំនួន ៥០ បន្ទប់។
សេចក្តីរាយការណ៍ដដែលបានបន្តថា បន្ទាប់ពីមានអគ្គីភ័យឆាបឆេះនៅខាងក្រោយសាលាបឯមសិក្សាគោកបញ្ជន់ គេឃើញកម្មករកម្មការិនីរោងចក្រដែលជួលបន្ទប់ផ្ទះជួលបាននាំគ្នារើសម្ភារៈចេញពីក្នុងបន្ទប់ មកកាន់កន្លែងសុវត្ថិភាព។ ក្រោយពីកើតហេតុភ្លាមគេបានឃើញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យនិងបណ្តាខណ្ឌផ្សេងៗទៀតបានទៅដល់កន្លែងកើតហេតុចំនួនជាង ១០ គ្រឿង ហើយបានរៀបចំបាញ់ទឹក។ រហូតមកដល់ពេលនេះគេមិនទាន់អាចទប់ស្កាត់អគ្គីភ័យដែលកំពុងតែឆាបឆេះនេះបាននៅឡើយទេ។ គេនៅពុំទាន់ដឹងពីទំហំនៃការឆេះបំផ្លញផ្ទះ ទ្រព្យសម្បត្តិ។ ករណីនេះ ពុំទាន់មានសេចក្តីរាយការណ៍ នៃមូលហេតុឆេះនេះទេ៕