រាជធានីភ្នំពេញ ៖ ឆ្លើយតបនឹងគម្រោងការរបស់គណបក្សប្រឆាំងដែលមានគម្រោងរៀបចំប្តឹងរដ្ឋាភិបាលទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិនៅព្រឹកនេះលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបទេសបានប្រតិកម្មថា "ធម្មតាប៉ោងៗ ពេលមានខ្យល់វាហោះទៅ។ តែអស់ខ្យល់វានឹងធ្លាក់មកវិញហើយមិនដឹងធ្លាក់ទៅកន្លែងកង្វក់ស្មោគគ្រោកណាក៏វាអាចធ្លាក់ចុះដែរ"។
លោក ហោ ណាំហុង បានបញ្ជាក់បន្ថែមថា "ផ្លែឈើតែវាទុំ វាជ្រុះហើយ។ មតិទូទៅទូទាំងប្រទេសសព្វថ្ងៃ គេមានការអបអរសាទរណាស់ ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីផ្អាកការធ្វើបាតុកម្មហិង្សានេះ។ ជុំវិញបាតុកម្មនេះរដ្ឋាភិបាលកម្ពុជាមានការអត់ធ្មត់ខ្លាំងណាស់ តែបាតុកម្មរបស់គណបក្សប្រឆាំងគឺ ល្មើសច្បាប់ និង ការសន្យារបស់ខ្លួន ពោលគឺគេថា បាតុកម្មអហិង្សា ប៉ុន្តែចុងក្រោយនេះ វាចេញទៅជាបាតុកម្មហិង្សា។
អត្ថាធិប្បាយរបស់ប្រមុខការទូតកម្ពុជាខាងលើនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ តាមរយៈលោក សម រង្ស៊ី និងលោក កឹម សុខា បានប្រកាសពីការរៀបចំ ក្រុមអ្នកច្បាប់អន្តរជាតិ ដើម្បីសិក្សាស្រាវជ្រាវ លើព្រឹត្តិការណ៍ប៉ះទង្គិច រវាងក្រុមកម្មករ និងក្រុមប៉ូលិស ប៉េអឹម នៅមុខសួនឧស្សាហកម្ម កាណាឌីយ៉ា នៅផ្លូវវេងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដែលនាំឲ្យកម្មករ យ៉ាងហោចណាស់ ៤ នាក់ បានស្លាប់ និងមិនតិចជាង ២០ នាក់ រងរបួស ដោយសារតែគ្រាប់កាំភ្លើង៕