ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ខណៈដែលត្រូវរថយន្តមួយគ្រឿងបើកបុក ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះដែលរបួសធ្ងន់នេះមានឈ្មោះ សាន សុវណ្ណពិសី អាយុ២៨ឆ្នាំ រស់នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ចំណែកអ្នកបើកបររថយន្តបង្កមិនត្រូវបានគេប្រាប់ឈ្មោះនោះទេ គ្រាន់តែដឹងថាជារបស់ម្ចាស់ហាងខារ៉ាអូខេ៩៨ និង សណ្ឋាគារសាន់ដេ ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តISUZUពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2S-9317 ដែលបើកបរដោយស្ត្រីម្នាក់ដែគេស្គាល់ថា ជាថៅកែហាងខារ៉ាអូខេ៩៨ និង សណ្ឋាគារសាន់ដេបើកឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1D-0768 បណ្តាលឲ្យរថយន្តកិនពីលើម៉ូតូ ហើយយុវជនពីរនាក់ដែលជិះនៅលើម៉ូតូបានប៉ើងខ្ទាតបោកក្បាលទៅនឹងផ្លូវសន្លប់ស្តូកស្តឹង និងម្នាក់ទៀតរងរបួសស្រាល ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ភាគីទាំងសងខាងបានសម្រុះសម្រួលគ្នារួចហើយដោយចេញថ្លៃសំណងខូតខាត និងព្យាបាល ៕