ប្រទេសមីយ៉ាន់ម៉ា ៖ យោងតាមគេហទំព័របស់ប្រទេសចិនមួយឈ្មោះ លិញប៉ោយ បានឲ្យដឹងថា កាលពីថ្ងៃអង្គារម្សិលមិញនេះក្រុមអ្នកកាសែតព្រមទាំងសកម្មជនសិទ្ធិមនុស្សប្រមាណ១៥០នាក់បាននាំគ្នាដើរដង្ហែក្បួន នៅក្នុងទីក្រុងរ៉ង់ហ្គូន ដោយស្រែកពាក្យស្លោករួមមាន"បដិសេធការគំរាមចំពោះសេរីភាពសារព័ត៌មាន"និងបានគ្រវីបដាដែលសរសេរថា"សិទ្ធិចំពោះសារព័ត៌មានជាជីវិតនៃលទ្ធិប្រជាធិបតេយ្យ" ។
បាតុកម្មនេះរៀបចំធ្វើឡើងដោយសមាគមអ្នកកាសែតភូមា ឈ្មោះថា Myanmar Journalist Network ដើម្បីតវ៉ាទៅនឹងសេចក្តីសម្រេចរបស់តុលាការភូមា កាលពីខែមុន ដែលបានកាត់ទោសអ្នកកាសែតម្នាក់ឲ្យជាប់ពន្ធនាគារ រយៈពេល ៣ខែ។ អ្នកកាសែតរូបនេះមានឈ្មោះថា ម៉ា ឃីន (Ma Khine) ដែលធ្វើការសម្រាប់ក្រុម Eleven Media ត្រូវបានតុលាការកាត់ឲ្យជាប់ទោសពីបទបរិហារកេរ្តិ៍ រំលោភបំពានដោយពាក្យសម្តី ព្រមទាំងបំពានទៅលើទ្រព្យសម្បត្តិឯកជនរបស់មេធាវីម្នាក់។
គួររំឭកថា ភូមាទើបនឹងត្រូវបានអង្គការអ្នកសារព័ត៌មានឥតព្រំដែន ដំឡើងចំណាត់ថ្នាក់សេរីភាពខាងសារព័ត៌មាន ពីលំដាប់ទី ១៧៩ មកនៅ ១៥១ កាលពីឆ្នាំ២០១៣កន្លងទៅនេះ។ ក៏ប៉ុន្តែអង្គការសិទ្ធិមនុស្សកំពុងមានការព្រួយបារម្ភ អំពីតាក់ទិចថ្មីរបស់អាជ្ញាធរភូមា ដែលយកការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌធម្មតាមកធ្វើជាអាវុធ ដើម្បីគំរាមកំហែងទៅលើអ្នកសារព័ត៌មាន ៕