ខេត្តបាត់ដំបង ៖ នាយកសាលាមតេ្តយ្យរំជៃម្នាក់ ត្រូវរថយន្តបុកដេកសន្លប់ស្តូកនៅនឹងកន្លែង ខណៈជិះម៉ូតូចេញពីពិធីមង្គលការ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ នៅចំណុចផ្លូវកោងមុខវត្តរំជៃ ឋិតក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ជនរងគ្រោះ ឡាលី អាយុ៥៣ឆ្នាំ ជានាយកសាលាមត្តេយ្យរំជៃ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពកន្លែងកន្លែកកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ១៩៩៨ ពណ៌ព្រីងទុំ ពាក់ស្លាកលេខបាត់ដំបង 1I-3350 ម្នាក់ឯង ។ លុះពេលមកដល់ចំណុចកើតហេតុជាចំណុចផ្លូវកោង និងមានជង្ហុកពេលនោះក៏មានរថយន្តបង្ក ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ 2A-2228 បានគេចជង្ហុក បានជ្រុលបុកម៉ូតូពីក្រោយតែម្តង។ ពេលឃើញហេតុការណ៍បែបនេះភាគីបង្កបានបន្ថែមល្បឿនគេចបាត់ស្រមោល ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ ជួយសង្គ្រោះដឹកទៅគ្លីនិកឯកជននៅក្បែរនោះ៕