រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ខួបអនុស្សាវរីយ៍ឆ្នាំទី៣៥ នៃទិវាជ័យជម្នះ៧មករា បានប្រារព្ធឡើងនៅកោះពេជ្រដោយមានប្រជាជន មហាជនចូលរួមប្រមាណ៣ម៉ឺននាក់ ។ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពសម្ដេចធម្មពោធិសាលជាស៊ីមប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា, សម្ដេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាប្រធានរដ្ឋសភា និងសម្ដេចតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងសន្ទរកថាដោយមានអត្ថន័យថា ថ្ងៃនេះ ជាទិវាដ៏មហានក្ខត្តឫក្សដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុង ចូលរួមអបអរសាទរយ៉ាងក្លៀវក្លាខួបអនុស្សាវរីយ៍លើកទី៣៥ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះប្រជាជាតិខ្មែរឲ្យនៅរស់រានមានជីវិតបានទាន់ពេលវេលា ហើយបានស្ថិតស្ថេរ និងរីកចម្រើនរហូតមកដល់ថ្ងៃនេះ។ ទោះបីជារយៈពេល៣៥ឆ្នាំ បានកន្លងផុតទៅហើយក្តី ក៏ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នៅតែមានអត្ថន័យសំខាន់យ៉ាងធំធេងសម្រាប់ប្រជាជាតិខ្មែរគ្រប់ជំនាន់ តរៀងទៅ ក៏ដូចមនុស្សជាតិដែលស្នេហាសន្តិភាព និងយុត្តិធម៌ទាំងអស់លើពិភពលោក។
សម្ដេចពញាចក្រី ហេង សំរិន ថ្លែងទៀតថា យើងជួបជុំគ្នាដើម្បីរំឭកនូវទិវានៃជ័យជម្នះនេះ ក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិដ៏ច្រើនឥតគណនាដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចក្លាហានដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជនព្រមទាំងចងចាំជានិច្ចនូវ គុណូបការៈនៃការជួយឧបត្ថម្ភដ៏ធំធេងរបស់ប្រជាជននៃបណ្តាប្រទេសជិតឆ្ងាយលើពិភពលោកចំពោះបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ ។ យើងទាំងអស់គ្នាក៏សូមលំឱនកាយគោរពវិញ្ញាណក្ខន្ធរបស់ជនរួមជាតិរាប់លាននាក់ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌នៅក្នុងរបបប្រល័យពូជសាសន៍ ហើយសូមឧទ្ទិសបួងសួងសូមឲ្យដួងព្រលឹងរបស់លោកអ្នកទាំងនោះបានទៅកាន់សុគតិភពជារៀងដរាបតទៅ។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចពញាចក្រី ហេង សំរិន បានបន្តទៀតថា បច្ចុប្បន្នប្រជាជាតិយើងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមពន្លឺនៃសន្តិភាព និងវឌ្ឍនភាព ។ ប៉ុន្តែយើងទាំងអស់គ្នាក៏នៅតែចងចាំជានិច្ចនូវដំណាក់កាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ជាតិយើងគឺដំណាក់កាលនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត ដែលបានអនុវត្តនយោបាយប្រល័យពូជសាសន៍យ៉ាងឃោរឃៅបំផុតមកលើប្រជាជាតិ ខ្លួនឯង។ ក្នុងរយៈកាល៣ឆ្នាំ៨ខែ និង២០ថ្ងៃ បន្ទាប់ពីបានឡើងកាន់អំណាចនៅថ្ងៃ១៧ ខែមេសា ឆ្នាំ ១៩៧៥ ពួកប៉ុល ពត បានបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិទាំងមូលដែលទទួលរងវិនាសកម្មដោយសារ សង្គ្រាម៥ឆ្នាំរួចមកហើយនោះ ឲ្យរលាយខ្ទេចខ្ទីថែមទៀតដល់ឫសគល់។ ប្រជាជនត្រូវគេប្លន់យកអស់នូវសិទ្ធិ សេរីភាព ហើយទទួលរងទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងការសម្លាប់រង្គាលអស់ជាង ៣លាន នាក់។ ឯអ្នកនៅរស់ត្រូវស្ថិតក្នុងគុកឥតជញ្ជាំង ដែលរង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។ ជាការពិតណាស់ប្រជាជាតិខ្មែរត្រូវពួកឃាតករ ប៉ុល ពត ជ្រមុជយ៉ាងជ្រៅទៅក្នុងសមុទ្រឈាម និងការនិរាសព្រាត់ប្រាស ហើយត្រូវប្រឈមនឹងការ រលាយសូន្យទាំងស្រុង បើពុំមានការជួយសង្គ្រោះជីវិតឲ្យទាន់ពេលវេលាទេនោះ។
នៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរ និងគ្រោះថ្នាក់បំផុតនេះ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបានក្រោកឈរប្រឆាំងនឹងរបបប៉ុលពត ហើយបានធ្វើការឯកភាពកម្លាំងតស៊ូពីគ្រប់ទិសទីបង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ ២ ធ្នូ ឆ្នាំ ១៩៧៨។ រណសិរ្សបានចេញសេចក្តីប្រកាសស្តីពីគោលនយោបាយ “១១ខ” ដែលបានបំផុសស្មារតីរបស់ប្រជាជនយើងនៅគ្រប់ទិសទីឲ្យក្រោកឈរឡើង រួមសាមគ្គីគ្នាដើម្បីកម្ចាត់របបដ៏យង់ឃ្នងនេះ ហើយបានអំពាវនាវរកការជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ ពីសំណាក់ប្រជាជនដែលស្រឡាញ់សន្តិភាព និងយុត្តិធម៌នៃបណ្តាប្រទេសនៅលើពិភពលោក។ នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពនៃរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជាដែលទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជននៅគ្រប់តំបន់នៃផ្ទៃប្រទេស និងទទួលបានការជួយឧបត្ថម្ភដ៏ធំធេងពីកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយសម្រុកយ៉ាងខ្លាំងក្លាលើរបប ប៉ុល ពត ធ្វើ ឲ្យរបបនេះត្រូវដួលរលំទាំងស្រុង ។
ជ័យជម្នះ ៧ មករា បានសង្គ្រោះប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញបានទាន់ ពេលវេលា។ ជ័យជម្នះ ៧ មករា បានបញ្ចប់ដំណាក់កាលដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មី ដែលប្រជាជនដណ្តើមបាន មកវិញនូវសិទ្ធិ សេរីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ ហើយឈានទៅធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ។ ជ័យជម្នះ ៧ មករា បានផ្តល់ឱកាសដល់ការប្រមូលផ្តុំមកវិញនូវសក្ដានុពលទាំងឡាយរបស់ជាតិ ដើម្បីស្តារ និងកសាងមាតុភូមិជាថ្មីឡើងវិញ។ ប្រជាជនយើងចងចាំជានិច្ចថា “ថ្ងៃជ័យជម្នះ ៧ មករា ជាថ្ងៃកំណើតទី ២ របស់ខ្លួន បើគ្មានជ័យជម្នះថ្ងៃ ៧ មករា ក៏យើងមិនអាចមានអ្វីៗដូចថ្ងៃនេះ ដែរ”។ ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ ដែលផ្តើមចេញពីជ័យជម្នះថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ព្រះរាជាណាចក្រកម្ពុជាមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅលើគ្រប់វិស័យ ហើយទទួលនូវការកោតសរសើរ និងអបអរសាទរយ៉ាង ក្រៃលែងពីសំណាក់ប្រជាជននានានៅលើពិភពលោក ។ ពីទឹកដីមួយដែលនៅសល់តែគំនរផេះផង់ ស្លាកស្នាមនៃសង្គ្រាម និងអំពើប្រល័យពូជសាសន៍កម្ពុជាបានក្លាយមកជាទឹកដីអភិវឌ្ឍន៍ដ៏រស់ រវើកប្រកបដោយក្តីសង្ឃឹម។ កម្ពុជាដែលធ្លាប់ត្រូវគ្របដណ្តប់ដោយសង្គ្រាមដ៏រ៉ាំរ៉ៃ អំពើហិង្សា និងការបែកបាក់ បានប្រែក្លាយជាមាតុភូមិមួយប្រកបដោយសន្តិភាព ការរួបរួមជាតិ ស្ថិរភាព និងប្រជាធិបតេយ្យ។ ព្រមជាមួយនេះ កម្ពុជាដែលត្រូវគេប្រមាថមើលងាយបានឈានឡើងស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសទាំងអស់លើពិភពលោក។ប៉ុន្តែ រាល់សមិទ្ធផលដែលយើងសម្រេចបានទាំងអស់នេះពុំមែនបានមក ដោយងាយស្រួល គ្មានការពុះពារ ប្រឹងប្រែងតស៊ូ និងការលះបង់នោះឡើយ។ រយៈពេលជាង ៣ទសវត្សមកនេះ ប្រជាជាតិយើងបានជួបនឹងបញ្ហា ប្រឈមធំៗយ៉ាងច្រើននៅក្នុងដំណើររីកចម្រើនរបស់ខ្លួនជាអាទិ៍ ការដោះស្រាយនូវផលវិបាកដ៏ធ្ងន់ធ្ងរច្រើនរាប់មិនអស់ដែល របប ប្រល័យពូជសាសន៍បានបន្សល់ទុក ដើម្បីស្តារសេដ្ឋកិច្ច សង្គមឡើងវិញ ការទប់ស្កាត់ការប៉ុនប៉ង វិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ការជម្នះនូវការហ៊ុំព័ទ្ធខាងសេដ្ឋកិច្ច និងឯកោខាងនយោបាយយ៉ាង អយុត្តិធម៌ពីសំណាក់មជ្ឈដ្ឋានខាងក្រៅមួយចំនួន ការឯកភាពជាតិ និងទឹកដីការស្តារកិត្តិយសជាតិលើឆាកអន្តរជាតិ ការរាំងស្កាត់នូវចលាចលខាងនយោបាយផ្សេងៗដើម្បីការពាររដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា រក្សាស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ដែលពេលខ្លះស្ទើរតែធ្វើឲ្យយើងត្រូវវិលទៅរកការវិនាសជាថ្មីទៀតផង ការទទួលរងឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចតំបន់ និងពិភពលោក និងការការពារបូរណភាពទឹកដីឲ្យបានគង់វង្ស ៘ ប៉ុន្តែទោះបីត្រូវប្រឈមនឹងឧបសគ្គដ៏ច្រើនរាប់មិនអស់យ៉ាងណាក្តី ក៏គ្មានអ្វីអាចមករារាំងដំណើរទៅមុខរបស់ ជាតិយើងបានឡើយ។
សម្ដេចពញាចក្រីហេង សំរិន ថ្លែងទៀតថា ក្នុងឆ្នាំ ២០១៣ ដែលទើបតែនឹងបញ្ចប់ទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលថ្មីៗជាច្រើនទៀតលើគ្រប់ វិស័យក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានអនុវត្តបញ្ចប់ដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី២ នៅក្នុងនីតិកាលទី៤ នៃរដ្ឋសភា ដែលធានាបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ប្រជាធិបតេយ្យ ការអភិវឌ្ឍន៍ និងអធិបតេយ្យជាតិ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងចាប់ផ្តើមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នៅក្នុងនីតិកាលទី ៥ នៃរដ្ឋសភានេះ ដើម្បីបន្តអភិវឌ្ឍប្រទេសឲ្យកាន់ តែរីកចម្រើនខ្លាំងក្លាឡើង និងធានាដល់ការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនទូទៅ តាមរយៈការអនុវត្ត គោលនយោបាយ និងវិធានការជាក់ស្តែងនានាឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅបង្កើនចំណូលរបស់ប្រជាជន លើកស្ទួយ ខាងសង្គមកិច្ច ពង្រឹងយុត្តិធម៌ សមធម៌សង្គម ព្រមទាំងផ្តល់នូវរាល់សេវាសាធារណៈឲ្យបានល្អប្រសើរ។ គួរកត់ សម្គាល់ថា នៅឆ្នាំ២០១៣ ទោះបីកម្ពុជាត្រូវប្រឈមនឹងគ្រោះទឹកជំនន់ដ៏ធំ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោកក្តី ក៏សេដ្ឋកិច្ចកម្ពុជានៅតែបន្ត សម្រេចបានកំណើនជាង ៧% ដែល បានមកពីលទ្ធផលដ៏ល្អ នៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ ផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់ប្រជាជនម្នាក់ៗ បានកើនពី ៧៦០ ដុល្លារ ក្នុងឆ្នាំ ២០០៨ ដល់ប្រមាណ ១០០០ ដុល្លារ នៅឆ្នាំ ២០១៣ ដែលធ្វើឲ្យកម្ពុជានឹងចេញ ផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងពេលដ៏ឆាប់ខាងមុខនេះ។ អត្រា នៃភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅក្រោម ១៩% ដោយសម្រេចបានការកាត់បន្ថយភាពក្រីក្រជាង១% ក្នុង ១ឆ្នាំៗ។ លើមូលដ្ឋាននេះ បណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗសុទ្ធតែបានវាយតម្លៃប្រកបដោយ សុទិដ្ឋិនិយមថា កម្ពុជានឹងអាចសម្រេចបានកំណើនខ្ពស់ជាបន្ត ក្នុងរយៈពេលច្រើនឆ្នាំខាងមុខទៀត។
ជាមួយនឹងការរីកចម្រើនខាងសេដ្ឋកិច្ច ទំនាក់ទំនងអន្តរជាតិរបស់កម្ពុជាក៏កាន់តែបានលើកកម្ពស់ថែមទៀត។ នៅខែ មិថុនា ឆ្នាំ ២០១៣ កម្ពុជាបានធ្វើជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលជាកិត្តិយសថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា។ កម្ពុជាដែលពីមុនបានទទួល កងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិឥឡូវនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមក្នុងបេសកកម្ម ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិវិញនៅបណ្តាប្រទេស មួយចំនួន ជាបន្តបន្ទាប់។ ព្រមជាមួយនេះកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ តុលាការយុត្តិធម៌អន្តរជាតិ នាទីក្រុងឡាអេ បានសម្រេចចេញ សាលដីកាចំពោះសំណើកម្ពុជាដែលបានសុំឲ្យតុលាការបកស្រាយសាលដីកាឆ្នាំ ១៩៦២ ទាក់ទងនឹងប្រាសាទព្រះវិហារ ដែលនៅក្នុងសេចក្តីសម្រេចនោះបានបញ្ជាក់កាន់តែច្បាស់ថែមទៀតនូវ អធិបតេយ្យរបស់កម្ពុជាលើ ប្រាសាទព្រះវិហារ និងលើតំបន់ជុំវិញប្រាសាទព្រះវិហារ។ គណបក្សប្រជាជនកម្ពុជាគាំទ្រជំហររបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការពិភាក្សាជាមួយភាគីថៃដើម្បីអនុវត្តសេចក្តីសម្រេច នេះរបស់តុលាការយុត្តិធម៌អន្តរជាតិ ក្នុងស្មារតី មិត្តភាពជាអ្នកជិតខាងល្អ សំដៅកសាងព្រំដែនកម្ពុជា-ថៃ ប្រកបដោយសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង២។
ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រមួយទៀត គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៥ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ដែលបានប្រព្រឹត្តទៅក្នុងបរិយាកាស ប្រកបដោយសន្តិភាព មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ដែលបានចូលរួមពិនិត្យមើលការបោះឆ្នោតនេះ បានចេញសេចក្តី ថ្លែងការណ៍ប្រកបដោយភាពវិជ្ជមានក្រៃលែង ជាមួយនឹងការលើកទឹកចិត្តចំពោះដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា។ លើមូលដ្ឋានលទ្ធផលនៃការបោះឆ្នោត រដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៥ ត្រូវបានបង្កើតឡើងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយកំពុងបំពេញការងារបម្រើប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះប្រជាជនជាម្ចាស់ឆ្នោត។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់ និងលើ ពិភពលោក បានអបអរសាទរដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ហើយបានបញ្ជាក់ច្បាស់នូវឆន្ទៈបន្តពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៥ នៃរដ្ឋសភា ដែលដឹកនាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ តាមរយៈលទ្ធផលនៃការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងឲ្យ ឃើញនូវភាពកាន់តែចាស់ទុំនៃដំណើរការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា និង ឆន្ទៈរបស់ប្រជាជនក្នុងការបន្តដំណើរទៅមុខទៀតលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ជាពិសេសបំណងប្រាថ្នាចង់ឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមជាមូលដ្ឋានដែលពាក់ព័ន្ធដល់ ជីវភាពប្រចាំថ្ងៃ ព្រមទាំងការពង្រឹងយុត្តិធម៌ សមធម៌ និងភាពស្អាតស្អំក្នុងសង្គមឲ្យកាន់តែល្អប្រសើរឡើង។
ឆ្លងតាមដំណើរវិវត្តន៍ជាវិជ្ជមានដ៏ធំធេងនៃសភាពការណ៍កម្ពុជាមកទល់ពេលនេះ បានបង្ហាញយ៉ាងច្បាស់ថា ជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាបាន និងកំពុងតែឈានទៅមុខតាមទិសដៅដ៏ត្រឹមត្រូវពិតប្រាកដ ។ ប៉ុន្តែទោះបីជាសច្ចធម៌បានបង្ហាញយ៉ាងច្បាស់ក្រឡែតយ៉ាងនេះហើយក្តីក៏រយៈពេល ៣៥ ឆ្នាំកន្លងមកនេះ មានកម្លាំងនយោបាយ និងមជ្ឈដ្ឋានអគតិមួយចំនួន បានព្យាយាមឥតឈប់ឈរក្នុងការបំភ្លៃ ប្រវត្តិសាស្ត្រពីសទៅជាខ្មៅ ពីខ្មៅទៅជាស សំដៅវាយប្រហារលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បី ធ្វើឲ្យសម្រេចនូវយុទ្ធសាស្ត្រនៃមហិច្ឆតាដណ្តើមអំណាចរបស់ខ្លួន។ ពួកគេនៅតែតាំងខ្លួនជាសត្រូវនឹងជ័យជម្នះ ៧ មករា ដែលបានផ្តល់កំណើតថ្មីដល់ប្រជាជន កម្ពុជា ឃោសនាមួលបង្កាច់ការពិត បំភាន់មតិប្រជាជន មិនគោរព រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ហើយឃុបឃិតគ្នារិះរកគ្រប់វិធី ដើម្បីបដិសេធរាល់សមិទ្ធផលដែលគណបក្ស ប្រជាជនកម្ពុជាបានសម្រេចជូនជាតិបង្កអស្ថិរភាពនយោបាយ អស្ថិរភាពសេដ្ឋកិច្ច និងសង្គម។ ប្រការទាំងនេះ នឹងរុញច្រានឲ្យកម្ពុជាត្រូវធ្លាក់ចេញពីគន្លងដ៏ត្រឹមត្រូវ របស់ខ្លួន ប្រសិនបើពួកគេអាចធ្វើបានសម្រេចនោះ។ ប៉ុន្តែប្រជាជនកម្ពុជានឹងមិនអនុញ្ញាតឲ្យអ្នកនយោបាយ និងមជ្ឈដ្ឋានទាំងនោះសម្រេចនូវមហិច្ឆតាឥតព្រំដែនរបស់ ពួកគេបានឡើយ។ទន្ទឹម នឹងសកម្មភាពប្រទូសរ៉ាយទាំងនេះ អ្វីដែលធ្វើឲ្យប្រជាជនកាន់តែមិនពេញចិត្តថែមទៀតនៅក្រោយ ពេលបោះឆ្នោតនោះ គឺជំហររបស់គណបក្សប្រឆាំងដែលទទួលបានអាសនៈក្នុងរដ្ឋសភានីតិកាលទី៥ នេះដែរ តែបានធ្វើពហិការកិច្ចប្រជុំរដ្ឋសភា ហើយមួលបង្កាច់លើភាពស្របច្បាប់របស់រដ្ឋសភា និងរាជរដ្ឋាភិបាលនីតិ-កាល ទី៥នេះ។ គណបក្សប្រឆាំង បានជំរុញការធ្វើបាតុកម្មតាមដងផ្លូវ ដោយមិនគោរពច្បាប់ បន្តលើកឡើងដដែលៗ នូវការទាមទារនានារបស់ខ្លួន ដែលគ្មានមូលដ្ឋានការពិត ផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ ច្បាប់ជាធរមានរបស់កម្ពុជា និងផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យបែបតំណាង ហើយព្យាយាមបញ្ចុះបញ្ចូលឲ្យសហគមន៍អន្តរជាតិ បញ្ឈប់ការផ្តល់ជំនួយមកឲ្យកម្ពុជា និងកុំបន្តធ្វើសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបំណងធ្វើឲ្យ ស្ថានភាពទូទៅកាន់តែលំបាកស្មុគស្មាញឡើង ជាពិសេសប៉ុនប៉ងរាំងស្ទះដល់ការប្រព្រឹត្តទៅនៃស្ថាប័នប្រជាធិបតេយ្យ របស់រដ្ឋ ប៉ុនប៉ងបង្កការលំបាកដល់ស្ថានភាពសេដ្ឋកិច្ច សណ្ដាប់ធ្នាប់សង្គម និងទំនាក់ទំនងអន្តរជាតិរបស់ កម្ពុជា ដើម្បីដាក់សម្ពាធលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន កម្ពុជា។
ចុងក្រោយនេះ គេចង់ បង្ខំឲ្យសម្តេចតេជោ ហ៊ុន សែន ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទាមទារ ឲ្យមានការបោះឆ្នោតជាថ្មីឡើងវិញ ដែលទង្វើបែបនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរថែមទៀតលើរដ្ឋធម្មនុញ្ញ គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យបែបតំណាង និងឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់។ ប៉ុន្តែ ទង្វើដ៏អកុសលទាំងនេះ នឹងមិនអាចផ្តល់ឲ្យគេនូវផ្លែផ្កាអ្វីឡើយ ក្រៅតែពីបានធ្វើឲ្យប្រជាជនកាន់តែធុញទ្រាន់ រំខានដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងបង្អាប់បង្អោនមុខមាត់របស់ជាតិខ្លួនឯងប៉ុណ្ណោះ។ ពេលនេះប្រជាជន ដែលបានអនុវត្តរួចហើយនូវសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនក្នុងការបោះឆ្នោត កំពុងតែរង់ចាំនូវសកម្មភាពរបស់អ្នក នយោបាយដែលមានអាសនៈក្នុងរដ្ឋសភា ក្នុងការបម្រើសេចក្តីត្រូវការ និងផលប្រយោជន៍របស់ខ្លួន។ ក្នុងបរិការណ៍នេះ គណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់ជាថ្មីទៀតថា គណបក្សប្រជាជនកម្ពុជានៅតែរក្សាជំហរនយោបាយប្រកាន់ ខ្ជាប់នូវសុឆន្ទៈដ៏ពិតប្រាកដ និងស្មោះសរក្នុងការជួបចរចាគ្រប់កម្រិតជាមួយគណបក្សសង្គ្រោះជាតិ សំដៅ ដោះស្រាយបញ្ហាដែលមិនទាន់បានស្រុះស្រួលជាមួយគ្នា ដើម្បីឲ្យគណបក្សទាំងពីរបានរួមគ្នាបម្រើផលប្រយោជន៍ របស់ប្រទេសជាតិ និងប្រជាជន។ ទាក់ទងទៅនឹងការរៀបចំសម្រាប់ការបោះឆ្នោតបន្តបន្ទាប់ទៀត គណបក្ស ប្រជាជនកម្ពុជាគាំទ្រពេញទំហឹងនូវសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការជំរុញដំណើរការកែទម្រង់ការ បោះឆ្នោត ដោយចាប់ផ្តើមពីការរៀបចំសិក្ខាសាលាជាតិនៅដើមឆ្នាំនេះ ដែលស្របទាំងស្រុងតាមស្មារតីនៃ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៣។ព្រមជាមួយនេះ គណបក្សប្រជាជនកម្ពុជាសូមបញ្ជាក់ច្បាស់ថា ក្នុងនាមជាគណបក្សដឹកនាំដែលទទួល បានអាណត្តិស្របច្បាប់ពីប្រជាជន គណបក្សប្រជាជនកម្ពុជានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពាររដ្ឋសភា និងការពារ រាជរដ្ឋាភិបាលដែលកើតចេញពីការ បោះឆ្នោត ការពាររដ្ឋធម្មនុញ្ញ ការពារលទ្ធិប្រជាធិបតេយ្យ ហើយមិនអនុញ្ញាត ឲ្យកម្លាំងនយោបាយណា ឬ មជ្ឈដ្ឋានអគតិណាមកបំផ្លាញដំណើរការរីកចម្រើនរបស់ជាតិ និងរាល់សមិទ្ធផលដែល ប្រជាជនសម្រេចបានយ៉ាងលំបាកលំបិនបំផុតក្នុងរយៈពេល ៣៥ឆ្នាំកន្លងមកនេះបានឡើយ។សម្ដេច ពញាចក្រីហេង សំរិន បានបន្តទៀតថា ក្នុងនាមសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំទាំងអស់នៃគណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិនៅទូទាំងប្រទេស ដែលបានផ្តល់យុត្តិធម៌ចំពោះការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជារយៈពេល ៣៥ ឆ្នាំមកនេះ ហើយបានបន្តបោះឆ្នោតគាំទ្រគណបក្ស ឲ្យទទួលបានជ័យ ជម្នះជាថ្មីទៀត។ ព្រមជាមួយនេះ គណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងទទួលយក នូវការផ្តល់មតិយោបល់ និងទស្សនៈដ៏ល្អៗទាំងឡាយពីសំណាក់ ប្រជាជនគ្រប់ស្រទាប់ និងមជ្ឈដ្ឋាននានាក្នុង សង្គម ចំពោះកង្វះខាតផ្សេងៗ ក្នុងការដឹកនាំកន្លងមក ហើយសន្យាថា នឹងបន្តប្រឹងប្រែងពេញទំហឹងក្នុងការអនុវត្ត កម្មវិធីនយោបាយរបស់គណបក្ស ដែលបានប្រកាសជូនជនរួមជាតិរួចមកហើយឲ្យបានសម្រេចជោគជ័យ។
ជាពិសេស ការបន្តអនុវត្តយ៉ាងដាច់ខាតនូវ កំណែទម្រង់ទូលំទូលាយ និងស៊ីជម្រៅ ទាំងក្នុងវិស័យនយោបាយ ច្បាប់ ប្រព័ន្ធ យុត្តិធម៌ សេដ្ឋកិច្ច និងសង្គម និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីគាស់រំលើងឲ្យខាងតែបាននូវឧបសគ្គ នានាដែលរារាំងដល់ការអភិវឌ្ឍន៍ និងការលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាជន។ ក្នុងស្មារតី នេះ ខ្ញុំសូមអំពាវនាវដល់គណបក្សគ្រប់ថ្នាក់ គណបក្សបណ្តាក្រសួង ស្ថាប័ន និងមន្ត្រីគណបក្សគ្រប់រូប សូមបន្ត ពង្រឹងធ្លុងសាមគ្គីឯកភាពឲ្យបានរឹងមាំ ខិតខំអនុវត្តរាល់គោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្ស ព្រមទាំងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលក្នុងជំហរទទួលខុសត្រូវខ្ពស់ ដើម្បីផល ប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជនយើង។ ជាមួយនឹងការចងចាំអត្ថន័យដ៏ថ្លៃថ្លានៃជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ យើងត្រូវក្តាប់ជាប់នូវមេរៀនពិសោធន៍ចេញពីការតស៊ូរបស់យើងនៅគ្រប់ ដំណាក់កាល ហើយសម្លឹងទៅមុខប្រកបដោយមនសិការភ្លឺស្វាង ដើម្បីកសាងអនាគតដ៏រុងរឿងរបស់ប្រជាជាតិយើង ៕