រាជធានីភ្នំពេញ ៖ ជនជាតិបរទេសម្នាក់ដែលស្នាក់នៅក្នុងផ្ទះសំណាក់យីហោ វិចតូរិយ៉ា បានស្លាប់ដោយមិនដឹងពីមូលហេតុឡើយ ដោយសារសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច្ច័យនិងម្ចាស់ផ្ទះសំណាក់ព្យាយាម លាក់បាំងព័ត៌មាននៃការស្លាប់របស់ជនជាតិបរទេសម្នាក់នេះ ។ ការភ្ញាក់ផ្អើលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ នៅក្នុងផ្ទះសំណាក់វិចតូរីយ៉ាផ្ទះលេខ២D៤ ផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ គឺជនជាតិបរទេសខាងលើបានមកស្នាក់នៅក្នុងផ្ទះសំណាក់នេះ២ទៅ ៣ថ្ងៃមកហើយ រហូតដល់ម៉ោងកើតហេតុ អ្នកសម្អាតបន្ទប់ នឹងម្ចាស់ផ្ទះសំណាក់មានការងឿងឆ្ងល់ថាមូលហេតុអ្វីបានជាមិនឃើញជនជាតិបរទេសចុះពីបន្ទប់សោះ ។ ព្រឹកឡើងថ្ងៃទី៦ ខែមករា អ្នកសម្អាត និងម្ចាស់ផ្ទះសំណាក់មានការសង្ស័យដោយមិនឃើញបុរសរូបនេះចុះមកហូបបាយតាំងពីព្រឹកដល់យប់ទើបម្ចាស់ផ្ទះសំណាក់ឆ្ងល់ក៏ឡើងទៅបន្ទប់ជួលរបស់គេឃើញទ្វារ ចាក់គន្លឹះពីខាងក្នុង និងយកពួកបាំងទៀត ។ ដោយមានការសង្ស័យម្ចាស់ផ្ទះក៏ទម្លុះទ្វារចូលឃើញជនជាតិបរទេសរូបនេះដេកស្លាប់នៅលើគ្រែបាត់ទៅហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ ប៉ុន្តែសមត្ថកិច្ចជំនាញមិនទាន់ដឹងច្បាស់ថា ជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីនៅឡើយទេ ៕