រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឲ្យបុរសម្នាក់បានដេកសន្លប់ស្តូកនៅនឹងកន្លែង ខណៈដែលបុរសម្នាក់នេះបានបើកបរក្នុងស្ថានភាពស្រវឹងរួចទៅបុកឆ្កែ កំពុងរត់ឆ្លងផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៣ ត្រង់មុខហាងនំប៉័ងហេងចេង ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BD-9250 បើកបរដោយបុរសម្នាក់អាយុ២២ឆ្នាំ មានមុខរបរជាងជួសជុលរថយន្ដ និងស្នាក់នៅសង្កាត់កើតហេតុ មានស្រុកកំណើតស្រុកព្រៃឈរ ខេត្ដកំពង់ចាម បានធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ៣ពីត្បូងទៅជើង ទាំងស្ថានភាពស្រវឹង។ លុះធ្វើដំណើរមក ដល់ចំណុចកើតហេតុខាងលើដោយសារ អំណាចស្រាមិនបានមើលទៅមុខ ក៏បុក ឆ្កែដែលកំពុងរត់ឆ្លងផ្លូវធ្វើឱ្យឆ្កែស្រែក ញ៉េកៗភ័យលស់ព្រលឹងរត់ចូលភូមិ បាត់ទៅ។
ដោយឡែកពេលនោះគេឃើញជនរងគ្រោះបានដួលម៉ូតូរងរបួសបែកមុខមាត់សន្លប់បាត់ស្មារតីហើយ ក្រោយមកត្រូវបានប្រជាពលរដ្ឋហៅរថយន្ដសង្គ្រោះរបស់អង្គភាព ៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។ ចំណែកម៉ូតូរងការខូចខាតបន្ដិចបន្ដួចត្រូវបានសមត្ថកិច្ចទៅដល់រក្សាទុកដើម្បីប្រគល់ឱ្យក្រុមគ្រួសារវិញ ៕