ខេត្តបាត់ដំបង ៖ ដោយសារឥទ្ធិពលនៃគ្រឿងស្រវឹងបានធ្វើឲ្យបុរសម្នាក់បានប្រើអំពើហិង្សាទៅលើប្រពន្ធរបស់ខ្លួនរហូតឈានដល់ការដុតសម្លាប់ប្រពន្ធនៅក្នុងផ្ទះ រួចអារ.កធ្វើអត្តឃាតខ្លួនឯងជាក្រោយចោលកូនតូចៗ៣នាក់ឲ្យរស់យ៉ាងវេទនា ។ អំពើដ៏ព្រៃផ្សៃនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនរងគ្រោះជាប្រពន្ធឈ្មោះឌុក លី អាយុ៥០ឆ្នាំ និងបុរសជាប្ដីជាអ្នកបង្កឈ្មោះខៀវ អ៊ីម អាយុ៣៥ឆ្នាំ ។ ស្ត្រីរងគ្រោះជាស្ត្រីមេម៉ាយកូន៥ មុនពេលចាប់ដៃជាមួយឈ្មោះខៀវ អ៊ីម ជាស្វាមីក្រោយ ប៉ុន្តែកូនច្បង២នាក់មានគ្រួសារបែកទៅនៅផ្សេងហើយ លើកលែងតែកូនតូចៗ៣នាក់ប៉ុណ្ណោះដែលរស់ក្នុងបន្ទុក ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានអំពើហិង្សាឈានដល់ការដុតសម្លាប់ប្រពន្ធនៅ ក្នុងផ្ទះ រួចអា.កសម្លាប់ខ្លួនតាមក្រោយនេះ គឺដោយសារបុរសជាប្ដីផឹកស៊ីស្រវឹងតិចតួចហើយត្រូវប្រពន្ធស្ដី បន្ទោសគ្មានសំចៃមាត់។ បើតាមការបំភ្លឺពីសាក្សីក្នុងភូមិបាននិយាយថា មុនពេលកើតហេតុគេឃើញបុរសជាប្ដីទើបមកពីចម្ការ តែត្រូវមិត្តភក្ដិក្នុងភូមិហៅទៅផឹកស៊ីតិចតួច លុះត្រឡប់មកផ្ទះវិញក៏ត្រូវប្រពន្ធស្ដីបន្ទោសយ៉ាងចាស់ដៃដែលទំនងប្រពន្ធចាំបាយយូរពេក ។
ប្រភពអ្នកភូមិដដែលបានបន្ថែមទៀតថា ខណៈនោះគេឮសំឡេងឈ្លោះប្រកែកគ្នាយ៉ាងតឹងតែង លុះបន្តិចក្រោយមកស្រាប់តែបុរសជាប្ដីបានទាញពូថៅវាយទៅលើ ប្រពន្ធរហូតដល់សន្លប់ និងចាក់សោទ្វាជាប់ រួចដុតសម្លាប់ប្រពន្ធក្នុងផ្ទះតែម្ដង ។ បន្ទាប់មកបុរសនេះបានលើកពូថៅវ័តកាប់ខ្នងខ្លួនឯង រួចអា.កសម្លាប់ខ្លួនឯងប្រកាច់ស្លាប់ក្បែរផ្ទះភា្លមៗដែរ ខណៈកូនតូចៗទាំង៣នាក់ឃើញភ័យស្លន់ស្លោក៏នាំគ្នារត់ទៅពូននៅផ្ទះ អ្នកជិតខាងញ័រខ្លួនចំប្រប់ដូចកូនសត្វ។
សោកនាធកម្មនេះគឺបានកើតចេញពីអំពើហិង្សាក្នុងគ្រួសារដ៏ក្រីក្រមួយ ដែលមិនអាចអធ្យាស្រ័យគ្នាបាន ។ សមត្ថកិច្ចថាសពប្រពន្ធនៅសល់តែឆ្អឹងកប់ក្នុងគំនរផេះ ដែលជាកាកសំណល់លំនៅឋានរបស់ខ្លួនធ្វើពីឈើប្រក់ស្លឹកទំហំ៥គុណ៦ម៉ែត្រ។ គ្មានទ្រព្យសម្បត្តិដែលសេសសល់ក្រៅពីកូនតូចៗចំនួន៣នាក់ដែលត្រៀមនឹងរស់យ៉ាងវេទនាបំផុតក្នុងអនាគតដ៏ខ្មៅងងឹតគ្មានកោះត្រើយ ៕