ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់អាយុ៦០ម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសាររបស់ជនរងគ្រោះពាក់ព័ន្ធនឹងករណីលួងលោមក្មេងស្រីម្នាក់អាយុ ទើបតែ១៥ឆ្នាំរំលោភ រហូតបានសម្រេចកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ នៅចំណុចទួលអំពិល ស្ថិតនៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ ។
ជនសង្ស័យឈ្មោះ នៅ ត្រាច អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅភូមិគោកបន្លៃ ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានមកស្នាក់នៅស៊ីឈ្នួលច្រូតស្រូវនៅភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ន.ឡ អាយុ១៥ឆ្នាំ មានលំនៅភូមិកើតហេតុខាងលើជាអ្នកស៊ីឈ្នួលច្រូតស្រូវដូចជនសង្ស័យ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដោយយោងតាមក្មេងស្រីរងគ្រោះនិយាយពីរឿងរ៉ាវដែលជនសង្ស័យបានចាប់ រំលោភនាង ហើយម្តាយនាងក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ទើបនគរបាលឈានទៅឃាត់ខ្លួនជនសង្ស័យដើម្បី យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ។ ក្រោយពីការឃាត់ខ្លួនជនសង្ស័យល្មោភកាមបានសារភាពថា រូបគាត់ពិតជាបានធ្វើសកម្មភាពលួងលោមកុមារីកាលពីពេលវេលាកើតហេតុខាងលើ ។ ជនសង្ស័យបានសារភាពទៀតថា មូលហេតុដែលគាត់រំលោភក្មេងស្រីដោយសារតែខ្លួនបានផឹកស្រាស ជាមួយកម្មករដូចគ្នាអស់ចំនួន២លីត្រ ហើយស្រវឹងស្រា ពេលត្រឡប់មកផ្ទះវិញ កម្មករដែលស្នាក់នៅក្នុងផ្ទះជាមួយបាននាំគ្នាទៅមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាងអស់ ខណៈនោះខ្លួនក៏បានចាប់ទាញដៃនាងចូលទៅក្នុងមុងដើម្បីរំលោភ តែមុនរំលោភបានសន្យាថាឱ្យលុយនាងផងដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ សាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ៕